ការថ្លែងនេះ គឺជាការបង្ហាញគោលជំហរ ដែលច្បាស់លាស់បំផុតរបស់លោកស្រីលើបញ្ហានេះ ជាប្រធានបទដែលមានការជជែកវែកញែកគ្នាកាន់តែច្រើនឡើង ដោយសារតែវិបត្តិការស្នងរាជ្យបល័ង្ក កំពុងជិតចូលមកដល់ ចាប់តាំងពីគណបក្សរបស់លោកស្រីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតនៅខែនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន CNA។
លោកស្រីបានថ្លែងថា លោកស្រីគោរពចំពោះការសន្និដ្ឋានជារួមរបស់ក្រុមអ្នកជំនាញ ដែលបានពិភាក្សាអំពីរឿងនេះ និងបានរកឃើញនៅឆ្នាំ២០២១ ថា "សមស្របក្នុងការកំណត់សិទ្ធិការស្នងរាជ្យបល័ង្កបន្ត ចំពោះតែអ្នកដែលជាទាយាទភេទប្រុស និងមានសែស្រឡាយរាជវង្សផ្ទាល់តែប៉ុណ្ណោះ”។ លោកស្រីបញ្ជាក់ថា រដ្ឋាភិបាល និងខ្លួនលោកស្រីផ្ទាល់ គោរពតាមរបាយការណ៍នេះ។
ទោះយ៉ាងណា ក្នុងអំឡុងពេលថ្លែងពីគោលនយោបាយលើកចុងក្រោយបំផុត លោកស្រី ណាអិ តាកាអ៊ីឈិ ធ្លាប់បានថ្លែងថា លោកស្រីសង្ឃឹមថា "ការពិភាក្សានឹងកាន់តែស៊ីជម្រៅខ្លាំងឡើង អំពីវិធី ដែលនឹងធ្វើឱ្យ ការស្នងរាជ្យ បន្តមានស្ថិរភាព ដែលនឹងនាំឆ្ពោះទៅកាន់ ការកែសម្រួលច្បាប់រាជវង្ស"។
បើទោះជាប្រពៃណីបានកំណត់ថា មានតែបុរសប៉ុណ្ណោះ ដែលអាចស្នងរាជវង្សបន្តបាន និងបានអនុវត្តមករាប់ពាន់ឆ្នាំមកហើយក្ដី តែលទ្ធផលការស្ទង់មតិបានបង្ហាញថា ប្រជាជនភាគច្រើនគាំទ្រឱ្យមនុស្សស្រីឡើងគ្រងរាជ្យបល័ង្ក។
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស