ក្រុមអ្នកជំនាញបានព្យាករថា សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍នឹងនៅតែប្រឈមហានិភ័យសម្រាប់ឆ្នាំ២០២៦ ហើយបានណែនាំឱ្យឃ្លាំមើលទំនោរ និងនិន្នាការសំខាន់ៗចំនួន៥ រួមមាន ទី១, ពាណិជ្ជកម្មនៅតែមានស្ថិរភាពទោះបីជាមានពន្ធគយបដិការ៖
ពន្ធគយបដិការដែលសហរដ្ឋអាម៉េរិក បានដាក់លើប្រទេសជាច្រើនក្នុងតំបន់អាស៊ាននៅតែខ្ពស់ ប៉ុន្តែការលើកលែងសម្រាប់ទំនិញគ្រឿងអេឡិចត្រូនិក និងបន្ទះឈីបបានជួយការពារពាណិជ្ជកម្មក្នុងតំបន់។ សហរដ្ឋអាម៉េរិក ក៏បានកាត់បន្ថយពន្ធគយលើទំនិញម្ហូបអាហារមួយចំនួនផងដែរ ដោយការជំរុញការនាំចេញកសិកម្ម។ ទោះជាយ៉ាងណា ភាពតានតឹងពាណិជ្ជកម្មជាថ្មីរវាងសហរដ្ឋអាម៉េរិក និងមហាយក្សចិននៅតែជាហានិភ័យដ៏ធំ និងអាចជះផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងតំបន់។
ទំនោរសំខាន់ទី២៖ តម្រូវការក្នុងស្រុកអាចងើបឡើងវិញ៖
អតិផរណាទាប និងការបញ្ចុះអត្រាការប្រាក់អាចជួយជំរុញឱ្យអ្នកប្រើប្រាស់បង្កើនការចាយវាយនៅឆ្នាំ២០២៦។ ប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ ត្រូវបានព្យាករថា នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត។ ទោះជាយ៉ាងណា ភាពមិនប្រាកដប្រជាខាងនយោបាយ រឿងអាស្រូវអំពើពុករលួយ និងភាពតានតឹងតាមបណ្ដោយព្រំដែន ជាពិសេសពាក់ព័ន្ធនឹងសង្គ្រាមថៃ ឈ្លានពានកម្ពុជាអាចបន្តជះផលប៉ះពាល់ដល់ទំនុកចិត្ត និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសមួយចំនួន។
ទំនោរ ឬនិន្នាការសំខាន់ទី៣៖ ការវិនិយោគបរទេសនៅតែរឹងមាំ៖
ទោះបីជាមានសម្ពាធពន្ធគយបដិការក៏ដោយ ក្រុមហ៊ុននានាទូទាំងពិភពលោកនៅតែកំពុងរើទីតាំងផលិតកម្មមកកាន់តំបន់អាស៊ាន ក្រោមយុទ្ធសាស្ត្រចិនបូកមួយ ហើយក្នុងនោះប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ីនៅតែជាគោលដៅសំខាន់ៗ ខណៈដែលប្រទេសម៉ាឡេស៊ី កំពុងទាក់ទាញឧស្សាហកម្មដែលមានតម្លៃខ្ពស់ជាង។ ការវិនិយោគលើយានយន្តអគ្គិសនី បន្ទះឈីប បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យត្រូវបានព្យាករថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំ២០២៦។
ទំនោរសំខាន់ទី៤៖ មូលនិធិវិនិយោគរដ្ឋដើរតួនាទីកាន់តែធំ៖
មូលនិធិវិនិយោគរបស់រដ្ឋពេលនេះ គឺកាន់តែសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក។ ជាក់ស្ដែង មូលនិធិថ្មីៗ និងមូលនិធិដែលមានស្រាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន កំពុងគាំទ្រវិស័យយុទ្ធសាស្ត្រនានាដូចជាបច្ចេកវិទ្យា រ៉ែកម្រ និងហេដ្ឋារចនាសម្ព័ន្ធ ដែលជួយពង្រឹងការវិនិយោគថ្នាក់តំបន់ធំៗ។
ទំនោរសំខាន់ទី៥ចុងក្រោយ៖ មូលធនឯកជនអាចនឹងវិលត្រលប់មកវិញ៖
សកម្មភាពភាគហ៊ុនឯកជន និងការបណ្តាក់ទុនមានការធ្លាក់ចុះ ប៉ុន្តែកំពុងបង្ហាញសញ្ញាងើបឡើងវិញជាបណ្ដើរៗហើយ។ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ថ្មីៗ និងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងពីបណ្ដាវិនិយោគិនទូទាំងពិភពលោក ដែលសម្លឹងមើលហួសពីប្រទេសចិន អាចជំរុញឱ្យមានការចរចាឡើងវិញលើគម្រោងនានាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ការថែទាំសុខភាព ថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០២៦៕
ដោយ: តែម សុខុម