យោងតាមការចុះផ្សាយរបស់ Sky News អាជ្ញាធរអាកាសចរណ៍ស៊ីវិលអារ៉ាប់រួមបានបញ្ជាក់ថា ការសម្រេចចិត្តបិទដែនអាកាស និងផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិឌូបៃ គឺជាវិធានការចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ និងដើម្បីការពារទឹកដីរបស់ខ្លួនពីហានិភ័យសន្តិសុខ ដែលកំពុងរីករាលដាល។
ជាមួយគ្នានេះ រដ្ឋាភិបាលអូស្ត្រាលី បានចេញសេចក្តីណែនាំថ្មីជាបន្ទាន់ ដោយដាស់តឿនពលរដ្ឋខ្លួនថា កុំរង់ចាំរហូតដល់ហួសពេល។ សេចក្តីណែនាំនោះបានសង្កត់ធ្ងន់ថា ជម្លោះនៅក្នុងតំបន់កំពុងវិវត្តទៅរកស្ថានការណ៍កាន់តែអាក្រក់ទៅៗ ហើយពលរដ្ឋអូស្ត្រាលី ត្រូវតែចាកចេញឥឡូវនេះ ប្រសិនបើនៅមានជើងហោះហើរពាណិជ្ជកម្ម និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន។
បើយោងតាមរបាយការណ៍ ជនជាតិអូស្ត្រាលីជាង៥,០០០នាក់បានធ្វើដំណើរចាកចេញពីតំបន់ជម្លោះរួចរាល់ហើយតាំងពីដើមខែមីនា មក។ ទោះជាយ៉ាងណា បច្ចុប្បន្ននៅមានជនជាតិអូស្ត្រាលីប្រមាណ១១៥,០០០នាក់ទៀតកំពុងស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា ដែលក្នុងនោះមានប្រហែល២,៤០០នាក់កំពុងជាប់គាំងនៅក្នុងប្រទេសអារ៉ាប់រួម។
អាជ្ញាធរបានណែនាំដល់អ្នក ដែលមិនទាន់អាចចាកចេញបានឱ្យទាក់ទងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ជាបន្ទាន់ និងរក្សាកន្លែងស្នាក់នៅឱ្យបានសុវត្ថិភាពបំផុត ដើម្បីរង់ចាំការសម្របសម្រួលបន្ថែមពីអាជ្ញាធរពាក់ព័ន្ធ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស