
បន្ទាប់ពីផ្ទុះការផ្សព្វផ្សាយតាមអ៊ីនធឺណិត កាលពីពេលថ្មីៗនូវវីដេអូបង្ហាញពីអ្នកទេសចរចិន ត្រូវបានបង្ខំឱ្យទិញទំនិញថ្លៃៗពេលធ្វើដំណើរកម្សាន្តនៅប្រទេសថៃ ស្ថានទូតចិន ប្រចាំនៅប្រទេសថៃ បានចេញការព្រមានឲ្យពលរដ្ឋខ្លួនបង្កើនការប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការបោកប្រាស់នានា។ នៅថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតចិន បានបញ្ជាក់ថា ខ្លួនបានចាត់វិធានការណ៍រួចហើយលើករណីនេះ ហើយក៏បានទាក់ទងទៅប៉ូលិសទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃ ភ្លាមៗ ដើម្បីបើកការស៊ើបអង្កេត។ ជាការឆ្លើយតបអាជ្ញាធរថៃ បានអះអាងថា បុគ្គលដែលពាក់ព័ន្ធក្នុងករណីឆបោកនេះ គឺជាអ្នកកាន់លិខិតឆ្លងដែនជនជាតិចិន ដែលមិនមានអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ថៃ ត្រឹមត្រូវឡើយ។
បុគ្គលទាំងនេះ បានដាក់សម្ពាធដល់អ្នកទេសចរឱ្យទិញទំនិញ និងទាមទារកម្រៃជើងសាពីការលក់ ហើយចាប់តាំងពីពេលនោះមក អាជ្ញាធរបានស៊ើបអង្កេតក្រុមហ៊ុនទេសចរណ៍ ដែលពាក់ព័ន្ធ និងកំពុងចាត់វិធានការតាមផ្លូវច្បាប់ចំពោះភាគីពាក់ព័ន្ធនានា។
ពាក់ព័ន្ធនឹងករណីនេះអគ្គកុងស៊ុលរបស់ស្ថានទូតចិន បានព្រមានអ្នកទេសចររបស់ខ្លួនម្តងហើយម្តងទៀតកុំឲ្យធ្លាក់ខ្លួនចាញ់កលល្បិចក្រុមជនខិលខូច ឬក្រុមជនសង្ស័យ។ ស្ថានទូតចិន បានជំរុញឱ្យពលរដ្ឋខ្លួនជ្រើសរើសតែក្រុមហ៊ុនណាដែលមានអាជ្ញាបណ្ណ និងមានកេរ្តិ៍ឈ្មោះ ហើយផ្តល់សេវាកម្មប្រកបដោយគុណភាពក្នុងតម្លៃសមរម្យ និងមានកិច្ចសន្យាផ្លូវការ។
កន្លងមក ថៃ គឺជាទីផ្សារទេសចរណ៍ធំបំផុតរបស់ភ្ញៀវទេសចរចិន ប៉ុន្តែដោយសារតែបញ្ហាឧក្រិដ្ឋកម្មនានា រួមទាំងបញ្ហាឧក្រិដ្ឋកម្មអនឡាញ ភ្ញៀវទេសចរចិន មកលេងកម្សាន្តនៅក្នុងប្រទេសថៃ កំពុងមាននិន្នាការធ្លាក់ចុះ។ ជាក់ស្តែងនៅក្នុងរយៈពេល៩ខែកន្លងមកនេះ ភ្ញៀវទេសចរចិន មកលេងកម្សាន្តនៅថៃ ធ្លាក់ចុះមកនៅត្រឹមជាង៣លាននាក់ ខណៈកាលពីឆ្នាំ២០២៤ ថៃ ទាក់ទាញភ្ញៀវទេសចរចិន ជិត៧លាននាក់៕
ដោយៈ សរ សុជាតិ