គណបក្សដៃគូចម្រុះ

គណបក្សភឿថៃ បន្តទទួលបានការគាំទ្រពីដៃគូចម្រុះ និងបានសន្យាបែងចែកតំណែងតួនាទីដែលនៅទំនេរ


ក្រោយគណបក្សភូមិចៃថៃ ដែលជាគណបក្សធំលំដាប់ទីពីរបានចាកចេញពីរដ្ឋាភិបាលចម្រុះ ហើយប្រកាសតាំងខ្លួនធ្វើជាបក្សប្រឆាំង ក្រុមគណបក្សចម្រុះផ្សេងទៀតនៅបន្តគាំទ្រគណបក្សភឿថៃ និងរដ្ឋាភិបាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដដែល។ ក្រោយការចាកចេញរបស់គណបក្សភូមិចៃថៃ គណបក្សភឿថៃ សន្យាបែងចែកអាសនៈដែលនៅទំនេរទាំង៨ ឱ្យគណបក្សផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
គណបក្សដៃគូចម្រុះ
ដោយ

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កាលពីចុងសប្តាហ៍មុនបានអះអាងសាជាថ្មីពីការបន្តរួបរួមជាមួយដៃគូចម្រុះ ដែលនៅសេសសល់ បន្ទាប់ពីការចាកចេញរបស់គណបក្សភូមិចៃថៃ ដែលជាគណបក្សធំលំដាប់ទី២នៅក្នុងសភា។ លោកស្រី បានជួបជាមួយក្រុមមេដឹកនាំគណបក្សចម្រុះនៅសណ្ឋាគារមួយក្នុងទីក្រុងបាងកក ដើម្បីប្រាប់ពីការរុះរើគណៈរដ្ឋមន្ត្រី និងការបំពេញអាសនៈទាំង៨ ដែលនៅទំនេរ បន្ទាប់ពីការចាកចេញរបស់គណបក្សភូមិចៃថៃ កាលពីសប្តាហ៍មុន។

បើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ប្រធានគណបក្សសហភាពជាតិថៃ (United Thai Nation) លោក ភីរ៉ាផាន់ សាលីរ៉ាថាវីបាចា (Pirapan Salirathavibhaga) ដែលត្រូវបានគេអំពាវនាវឱ្យដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដែរនោះ ក៏បានចូលរួមកិច្ចប្រជុំរយៈពេល៩០នាទីនេះដែរ។

បន្ទាប់ពីជំនួបនោះ លោកស្រី ផែថងថាន បានបង្ហោះសារនៅលើបណ្តាញសង្គម ដោយថ្លែងអំណរគុណដល់ភាគីចម្រុះសម្រាប់ការគាំទ្រ និងសង្កត់ធ្ងន់ថា ស្ថិរភាពនឹងជួយប្រទេសក្នុងការប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខពីខាងក្រៅ និងអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព។

បើតាមអ្វីដែលបានបែកធ្លាយ គណរដ្ឋមន្រ្តីថៃថ្មី ដែលលោកស្រី ផែថងថាន គ្រោងនឹងរុះរើនោះ គឺរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ភូថាំ វីឆៃយ៉ាឆៃ (Phumtham Wechayachai) នឹងត្រូវទៅកាន់ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំណែកតំណែងរដ្ឋមន្រ្តីក្រសួងការពារជាតិ អាចធ្លាក់ទៅលើលោកឧត្តមសេនីយ៍ ណាថាផុន ណាក់ផានីត (Nattaphon Narkphanit) ដែលជាអនុរដ្ឋមន្រ្តីក្រសួងនេះ ឬលោកឧត្តមសេនីយ ស៊ូណៃ ប្រាពូឆាន់ (Sunai Prapuchane) ដែលជាអតីតជំនួយការអគ្គមេបញ្ជាការកងទ័ពថៃ។ ដោយឡែកតំណែងរដ្ឋមន្រ្តី និងអនុរដ្ឋមន្រ្តីដែលទំនេរផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងបែងចែកតាមកូតាគណបក្សក្នុងរដ្ឋាភិបាលចម្រុះនោះ ខណៈការរុះរើនោះគ្រោងនឹងធ្វើឡើងក្នុងរង្វង់ចុងខែមិថុនា នេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ពិភពលោកកំពុងរង់ចាំមើលការសងសឹករបស់អ៊ីរ៉ង់ លើអាម៉េរិក ខណៈអាម៉េរិក ព្រមានផ្លាស់ប្ដូររបបដឹកនាំរបស់អ៊ីរ៉ង់

ពេលនេះពិភពលោកកំពុងត្រៀមខ្លួន និងរង់ចាំមើលការសងសឹករបស់អ៊ីរ៉ង់លើអាម៉េរិក ដែលបានវាយប្រហារទីតាំងនុយក្លេអ៊ែរបស់ខ្លួនសំខាន់ៗចំនួន៣ កាលព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ