
តាមសេចក្តីរាយការណ៍ដោយសារព័ត៌មាន the nation មេភូមិភាគ២ រូបនេះ គ្រោងនឹងចូលនិវន្តន៍នៅថ្ងៃទី៣០ ខែកញ្ញខាងមុខនេះហើយ ប៉ុន្តែលោក ភូមិថាំ បានលើកឡើងថា ប្រព័ន្ធរបស់កងទ័ពអាចរកអ្នកស្នងតំណែងដ៏សមរម្យម្នាក់ ដើម្បីជំនួសលោក ប៊ុនស៊ីន រូបនេះបាន។
អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិ បច្ចុប្បន្នជានាយករដ្ឋមន្រ្តីស្តីទី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ លោក ភូមិថាំ វិឆាយ៉ាឆៃ បានលើកឡើងថា ការសម្រេចចិត្តគឺស្ថិតនៅលើយោធា ក្រោមការសម្របសម្រួលជាមួយរដ្ឋមន្ត្រីស្តីទីការពារជាតិ ប៉ុន្តែលោកបង្ហាញនូវជំនឿថា ប្រព័ន្ធរបស់កងទ័ពថៃបច្ចុប្បន្នអាចស្វែងរកអ្នកដែលសក្តិសមសម្រាប់កាន់តំណែងដ៏សំខាន់នេះ ។
លោកបានលើកឡើងថា លោកមិនបានពិភាក្សាពីការចូលនិវត្តន៍របស់មេបញ្ជាការភូមិភាគទី២រូបនេះទេ ដោយសារតែរឿងនេះ គឺជារឿងរបស់អគ្គសេនាធិការ អគ្គបញ្ជាការកងទ័ព និង រដ្ឋមន្រ្តីក្រសួងការពារជាតិ ហើយតាមនិតិវិធី គឺមេដឹកនាំនយោបាយមិនអាចលូកដៃក្នុងកិច្ចការកងទ័ពបានឡើយ ហើយតួនាទីរបស់លោក គឺបានត្រឹមយកបញ្ហានេះមកប្រជុំពិនិត្យបន្ថែមដើម្បីឲ្យព្រះមហាក្សត្រចេញសេចក្តីសម្រេចតែប៉ុណ្ណោះ ។ នេះគឺជាការអះអាងរបស់លោក នាយករដ្ឋមន្រ្តីស្តីទីថៃ ពាក់ព័ន្ធនឹងជោគវាសនារបស់ឧត្តមសេនីយ ប៊ុនស៊ីន ។
លោក ភូមិថាំ បានបញ្ជាក់ថា តាមគំនិតផ្ទាល់ខ្លួនរបស់លោក មេបញ្ជាការភូមិភាគទី២ បំពេញការងារបានល្អ ប៉ុន្តែប្រសិនបើយើងផ្តោតតែលើបុគ្គល ហើយមិនផ្ដោតលើប្រព័ន្ធទេនោះ នឹងមានបញ្ហា។ លោកបានបន្តទៀតថា ប្រសិនបើមេបញ្ជាការភូមិភាគ២ លោក ប៊ុនស៊ីន ផាត់ឃ្លាំង មិនមានកិច្ចសហការពីនាយសេនាធិការ មេបញ្ជាការផ្សេងទៀត និងយោធិនទាំងអស់ទេ វានឹងមិនមានប្រសិទ្ធភាពឡើយ។
លោកបានបន្តទៀតថា យើងត្រូវមានទំនុកចិត្តថា ប្រព័ន្ធកងទ័ពមានភាពរឹងមាំគ្រប់គ្រាន់ ដើម្បីអាចរក អ្នកស្នងតំណែងដែលមានសមត្ថភាព ហើយលោកក៏ជឿថា មេបញ្ជាការភូមិភាគទី២ ខ្លួនឯងក៏មិនបានបញ្ជាក់ពីបញ្ហាអ្វីនោះទេ គឺអនុវត្តតាមនីតិវិធី។
លោកបានបន្តទៀតថា លោកមេបញ្ជាការភូមិភាគ២បាននិយាយរួចហើយថា លោកនឹងធ្វើតាមការសម្រេចចិត្តរបស់ថ្នាក់លើ ដូច្នេះតាមទស្សនៈផ្ទាល់ខ្លួន រឿងបញ្ហានេះ យោធាថៃគួរតែធ្វើតាមលក្ខណៈជាប្រព័ន្ធការងារយោធា។
ដោយៈ សរ សុជាតិ