នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា ការពិនិត្យផ្ទៀងផ្ទាត់ស្ថិរភាពហិរញ្ញវត្ថុ ធនាគារកណ្តាលអ៊ឺរ៉ុប បាននិយាយថា ធនាគារអឺរ៉ុបធំៗគួរតែមាន ឬកាន់កាប់ទ្រព្យសកម្មជាប្រាក់ដុល្លារអាម៉េរិក ឱ្យបានគ្រប់គ្រាន់ ដើម្បីអាចដោះស្រាយរំហូរសាច់ប្រាក់ចេញភ្លាមៗ ដែលអាចកើតមានឡើង។ ធនាគារកណ្តាលអឺរ៉ុប (ECB) ក៏បានព្រមានអំពីហានិភ័យផ្សេងៗទៀតផងដែរ ដូចជាបំណុលកើនឡើងខ្ពស់ ទីផ្សារភាគហ៊ុនហក់ឡើងខ្ពស់ខ្លាំងពេក ពន្ធពាណិជ្ជកម្ម និងការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬ គ្រីបតូ Stablecoins កាន់តែច្រើន។
ហើយនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ដែលមិនបានបញ្ជាក់ក្នុងរបាយការណ៍ខាងលើនេះ គឺថា ធនាគារកណ្តាលអាម៉េរិកអាចនឹងផ្អាកភ្លាមៗនូវការផ្គត់ផ្គង់ប្រាក់ដុល្លារអាម៉េរិក សម្រាប់ការជួយគាំទ្របន្ទាន់ដល់ធនាគារកណ្តាលអឺរ៉ុប (ECB)។ ទោះជាយ៉ាងណា ក្រុមមន្ត្រីធនាគារ
កណ្តាលអឺរ៉ុប និងក្រុមមន្ត្រីអាម៉េរិកសុទ្ធតែនិយាយថា រឿងបែបនេះនឹងមិនកើតឡើងនោះឡើយ។ ធនាគារកណ្តាលអឺរ៉ុបបាននិយាយថា ហានិភ័យដូចបានលើកឡើងខាងលើ គឺតូចតាចប៉ុណ្ណោះនៅពេលនេះ ប៉ុន្តែយុទ្ធសាស្ត្របច្ចុប្បន្នរបស់បណ្ដាធនាគារអឺរ៉ុបនៅតែមិនទាន់អាចទប់ស្កាត់កង្វះប្រាក់ដុល្លារអាម៉េរិក ឱ្យបានទាំងស្រុងនៅឡើយទេ៕
ដោយ: តែម សុខុម