នៅចំពោះមុខបញ្ហាដ៏ក្ដៅគគុកនេះ ប្រទេសសភាពអឺរ៉ុបមួយចំនួន ក៏មិនបាននៅស្ងៀមដែរ ដោយពួកគេកំពុងពិចារណានឹងដាក់ពង្រាយកម្លាំងទ័ព ដើម្បីការពារដែនកោះអាកតិកមួយនេះ ពីការដណ្ដើមកាន់កាប់ដោយបងធំពិភពលោក។ នាយករដ្ឋមន្ត្រីដាណឺម៉ាក ដែលជាអ្នកគ្រប់គ្រងកោះហ្គ្រីនលែននេះ បានបញ្ជាក់ដែរថា នៅពេលនេះ ដាណឺម៉ាក កំពុងស្ថិតនៅក្នុងពេលវេលាដ៏សំខាន់ និងគ្រោះថ្នាក់បំផុតមួយ នៃជម្លោះការទូតជាមួយសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិជាច្រើននៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៦។
មុនជួបប្រជុំគ្នាជាមួយមន្ត្រីជាន់ខ្ពស់អាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ម៉ោងនៅសហរដ្ឋអាម៉េរិក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី មេតេ ហ្វ្រេដេរិកសេន (Mette Frederiksen) បានចាត់ទុកការប៉ុនប៉ងដណ្តើមយកកោះហ្គ្រីនលែន ដោយអាម៉េរិក ជាការរំលោភបំពានច្បាប់អន្តរជាតិ យ៉ាងធ្ងន់ធ្ងរ។ លោកស្រីបានបង្ហោះសារនៅលើហ្វេសប៊ុកថា៖ «យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារតម្លៃរបស់យើងលើគ្រប់ទីកន្លែងដែលចាំបាច់ រួមទាំងនៅក្នុងតំបន់អាកទិកផងដែរ។ យើងជឿជាក់លើច្បាប់អន្តរជាតិ និងសិទ្ធិរបស់ប្រជាជនក្នុងការកំណត់អនាគតដោយខ្លួនឯង»។
ដោយឡែក ប្រទេសអាល្លឺម៉ង់ ដែលជាបងធំនៅអឺរ៉ុប និងប្រទេសស៊ុយអែត នាពេលថ្មីៗនេះ បានចេញមកប្រកៀកស្មាគ្នាជាមួយដាណឺម៉ាក ដើម្បីប្រឆាំងនឹងមហិច្ឆតារបស់លោក ដូណាល់ ត្រាំ ដែលចង់បានកោះហ្គ្រីនលែនយកមកគ្រប់គ្រង។
នាយករដ្ឋមន្ត្រីស៊ុយអែត លោក អ៊ុលហ្វ៍ គ្រីស្ទើសុន (Ulf Kristersson) បានបញ្ជាក់នៅចំពោះមុខមេដឹកនាំអង្គការណាតូ ក្នុងសន្និសីទការពារជាតិថា ក្រុមប្រទេសនៅភាគខាងជើង បាល់ទិក និងអឺរ៉ុប ទាំងមូលនឹងមិនបណ្តោយឱ្យដាណឺម៉ាកនៅម្នាក់ឯងនោះឡើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សហភាពអឺរ៉ុប កំពុងរៀបចំផែនការសម្រាប់ «បេសកកម្មណាតូ» នៅលើកោះហ្គ្រីនលែន និងកំពុងពិចារណាដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងជាបន្តបន្ទាប់របស់ទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានេះ ចក្រភពអង់គ្លេស ឯណោះវិញ ក៏កំពុងពិភាក្សាជាមួយសម្ពន្ធមិត្តអឺរ៉ុបអំពីការដាក់ពង្រាយកម្លាំងយោធាទៅកាន់កោះហ្គ្រីនលែន ដើម្បីការពារសុវត្ថិភាពក្នុងតំបន់អាកទិក បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ព្រមានដោយចំហរថា អាម៉េរិកនឹងយកកោះហ្គ្រីនលែនដោយវិធីលំបាក ប្រសិនបើមិនអាចយកបានតាមវិធីងាយស្រួលទេនោះ៕
អត្ថបទៈ សួន ឡង់ទី