
សមាជិកសហភាពអឺរ៉ុប កាន់តែច្រើនឡើង រួមទាំងអាល្លឹម៉ង់ ដែលបងធំនៅប្លុកនេះផង កំពុងពិចារណាប្រើប្រាស់វិធានការប្រឆាំងការដ៏ទូលំទូលាយ ដែលនឹងអនុញ្ញាតឱ្យប្លុកនេះកំណត់គោលដៅលើសេវាកម្មរបស់សហរដ្ឋអាម៉េរិក ក្នុងករណីគ្មានកិច្ចព្រមព្រៀងជាមួយអាម៉េរិក។ គណៈកម្មការអឺរ៉ុប ដែលបានចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក តំណាងឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ទាំង២៧ប្រទេស រំពឹងថា ខ្លួននឹងនៅតែប្រឈមនឹងពន្ធគយ១០% របស់អាម៉េរិក សម្រាប់ការនាំចេញភាគច្រើនរបស់ប្លុកនេះ។
ប៉ុន្តែក្តីសង្ឃឹមនេះ ហាក់រសាត់ឆ្ងាយបន្តិចក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានគំរាមថា ខ្លួននឹងដាក់ពន្ធ៣០% លើការនាំចូលទំនិញរបស់ប្លុកនេះ នៅថ្ងៃទី១ ខែសីហា និងក្រោយពីមានកិច្ចពិភាក្សារវាងស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក ម៉ារ៉ូស សេហ្វខូវីក (Maros Sefcovic) និងសមភាគីអាម៉េរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។
ក្រុមអ្នកការទូតអឺរ៉ុប បាននិយាយថា នៅពេលនេះ សហភាពអឺរ៉ុប កំពុងមានភាពច្របូកច្របល់ក្នុងចិត្តកាន់តែខ្លាំង ហើយពួកគេត្រៀមខ្លួនជាស្រេចក្នុងការបញ្ចេញប្រតិកម្មតប ទោះជាដំណោះស្រាយដែលបានចរចាជាជម្រើសដែលពួកគេពេញចិត្តក៏ដោយ។
សហភាពអឺរ៉ុប មានកញ្ចប់ពន្ធមួយក្នុងទំហំទឹកប្រាក់២១ពាន់លានអឺរ៉ូ ប្រហែល២៤,៥ពាន់លានដុល្លារនៃទំនិញរបស់អាម៉េរិក ដែលបច្ចុប្បន្ននេះ ត្រូវបានផ្អាករហូតដល់ថ្ងៃទី៦ ខែសីហា ដែលពួកគេទំនងជានឹងពន្យារពេលនៃការផ្អាកនេះបន្តទៀត។ បន្ថែមលើនេះ ប្លុកនេះត្រូវសម្រេចចិត្តលើវិធានការតបតចំពោះការនាំចូលទំហំជាង៨៤ពាន់លានដុល្លារបន្ថែមទៀត រួមទាំងការប្រើច្បាប់ប្រឆាំងការបង្ខិតបង្ខំ (ACI) របស់ប្លុកនេះផងដែរ៕
ដោយ៖ សុខ មង្គល