
នៅថ្ងៃទី១ ខែកក្កដា ដ៏ខ្លីខាងមុខនេះ តុលាការធម្មនុញ្ញថៃ នឹងសម្រេចថា តើត្រូវទទួលចាត់ការពាក្យបណ្ដឹងទាមទារឱ្យព្យួរតំណែងរបស់នាយករដ្ឋមន្ត្រីថៃលោកស្រី ផៃថងថាន ឬក៏អត់ជុំវិញសារសំឡេងសន្ទនាតាមទូរសព្ទដែលបានបែកធ្លាយរវាងលោកស្រីជាមួយសម្ដេចតេជោ ហ៊ុន សែន។ ពាក្យបណ្ដឹងដែលដាក់ដោយសមាជិកព្រឹទ្ធសភាថៃ រហូតដល់ទៅ៣៦រូបខាងលើនេះបានស្នើឱ្យតុលាការធម្មនុញ្ញថៃ បើកការស៊ើបអង្កេតជុំវិញសារសំឡេងសន្ទនាតាមទូរសព្ទដែលបានបែកធ្លាយរវាងលោកស្រី ផៃថងថាន ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយចោទប្រកាន់ថា លោកស្រី ផៃថងថាន បានបំពានរដ្ឋធម្មនុញ្ញ ខ្វះសុចរិតភាព និងរំលោភលើក្រឹតក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ។
ភាពចម្រូងចម្រាសនេះកើតចេញពីពាក្យបណ្តឹងផ្លូវការមួយដាក់ប្ដឹងកាលពីថ្ងៃទី១៩ ខែ
មិថុនា ដែលសមាជិកព្រឹទ្ធសភាថៃចំនួន៣៦រូបបានទាមទារឱ្យដកលោកស្រី ផៃថងថាន ចេញពីតំណែងនាយករដ្ឋមន្ត្រី។
សមាជិកព្រឹទ្ធសភាទាំងនោះបានលើកឡើងថា លោកស្រី ផៃថងថាន ខ្វះគុណវុឌ្ឍិ ពោលគឺគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់តំណែងនាយករដ្ឋមន្ត្រី ហើយបានចោទប្រកាន់លោកស្រីថា ខ្វះភាពស្មោះត្រង់ និងបានបំពានលើក្រឹតក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ។
យោងតាមសមាជិកព្រឹទ្ធសភាទាំងនោះបានឱ្យដឹងថា សកម្មភាពរបស់លោកស្រី ផៃថងថាន បានធ្វើឱ្យខូចកិត្តិយសសេចក្ដីថ្លៃថ្នូរនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដោយសារតែលោកស្រី រំលោភអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជំនួសឱ្យការបម្រើផលប្រយោជន៍ជាតិ និងមិនអនុវត្តតាមអភិបាលកិច្ចល្អ៕
ដោយ: តែម សុខុម