
ជាមួយគ្នានេះលោក ភូមិថាំ វិឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទីបានអះអាងថា នៅពេលនេះសម្ពន្ធភាពគណបក្សដៃគូរដ្ឋាភិបាលចម្រុះនៅតែរឹងមាំ និងជំរុញឱ្យសាធារណជនផ្តល់ឱកាសដល់រដ្ឋាភិបាល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគបានលើកឡើងថា ស្ថានភាពមិនអាចដូចដើមបានឡើយស្របពេលដែលមហាជនថៃកំពុងស្រពេចស្រពិលពីឥទ្ធិពលនៃត្រកូល ថាក់ស៊ីន នៅក្នុងទំព័រនយោយបាយនៅថៃ។
សារព័ត៌មាន the Nation បានរាយការណ៍ថា សាលក្រមតុលាការធម្មនុញ្ញថៃលើជោគវាសនារបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា នៅថ្ងៃទី២៩ ខែសីហា ខាងមុខនេះ វាពិតជាស្មុគស្មាញ ពីព្រោះវាទាក់ទងនឹងជោគវាសនានៃអាជីពនយោបាយរបស់ត្រកូល ថាក់ស៊ីន និងបញ្ហាវិបត្តិនយោបាយនៅថៃ។ លោក ភូមិថាំ វិឆាយ៉ាឆៃ នាយករដ្ឋមន្រ្តីស្តីទី បានលើកឡើងពីសេណារីយ៉ូធំៗ៣ ដោយក្នុងនោះសេណារីយ៉ូទី១ផ្តោតលើការលាលែងពីតំណែងដោយស្ម័គ្រចិត្តរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ខណៈទីពីរផ្តោតលើសាលក្រមតុលាការធម្មនុញ្ញវិជ្ជមាន និង ទី៣សាលក្រមតុលាការធម្មនុញ្ញអវិជ្ជមាន។
ពាក់ព័ន្ធនឹងសេណារីយូទី១ លោក ភូមិថាំ ក្រោមស្រមោលដឹកនាំរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានលើកឡើងថា នេះជាសេណារីយ៉ូទំនងជាមិនអាចកើតឡើងនោះទេ ដោយសារលោកស្រី ផែថងថាន មិនដែលគិត ឫដាក់សំណើរសុំលាលែងពីតំណែងនោះឡើយ ដូច្នេះជម្រើសនេះមិនអាចឡើយ។ សម្រាប់សេណារីយ៉ូទី២ លោកនាយករដ្ឋមន្រ្តីស្តីទីរូបនេះបានលើកឡើងថា ការរួចផុតពីវិបត្តិនឹងអនុញ្ញាតឱ្យរដ្ឋបាលអាចកសាងទំនុកចិត្ត និងស្ថិរភាពឡើងវិញរយៈពេលពីមួយទៅពីរឆ្នាំទៀត។ រីឯសេណារីយូទី៣ ជាសេណារីយូដែលលំបាកសម្រាប់គណបក្សភឿថៃ ពីព្រោះនៅពេលនោះបេក្ខជននាយករដ្ឋមន្រ្តី អាចមានមកពីគណបក្សភឿថៃ និងគណបក្សផ្សេង ដែលជាពេលវេលាដ៏លំបាក។
យ៉ាងណាក៏ដោយលោកអះអាថា លទ្ធផលយ៉ាងណាវាស្ថិតលើឆន្ទានុសិទ្ធិរបស់តុលាការ ហើយលោកមិនអាចទស្សន៍ទាយសាលក្រមបាននោះទេ។ ហើយអ្វីដែលនាយករដ្ឋមន្រ្តីបាននិយាយ ដែលជាដើមចមនៃបណ្តឹងមិនមែនជាបញ្ហា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនោះឡើយ។
គួរបញ្ជាក់ថា លោកស្រី ផែថងថាន ជាត្រកូលស៊ីណវ៉ាត់ត្រាទី៣ ដែលបានឡើងកាន់តំណែង ក្រោយពេលដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា ត្រូវធ្វើរដ្ឋប្រហារដោយយោធាកាលពីឆ្នាំ២០០៦មក ។ ការសម្រេចសាលក្រមរបស់តុលាការធម្មនុញ្ញថៃក៏ជាការសម្រេចចិត្តពាក់ព័ន្ធនឹងអាជីពនយោបាយរបស់ត្រកូលនេះ នៅក្នុងប្រទេសថៃ ។
ដោយៈ សរ សុជាតិ