
ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា សេចក្ដីសម្រេចដែលអាចជះឥទ្ធិពលលើពិភពលោកនេះនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ។ នៅពេលក្រុមអ្នកសារព័ត៌មានសាកសួរ ជាពិសេសអំពីអតីតប្រធានធនាគារកណ្ដាលអាម៉េរិកលោក ខេវិន វ៉ស (Kevin Warsh) លោក ដូណាល់ ត្រាំ បានលើកឡើងថា លោក ខេវិន វ៉ស គឺជាជម្រើសបេក្ខភាពដ៏ល្អដែលស្ថិតក្នុងការពិចារណា។
សូមបញ្ជាក់ថា លោក ខេវិន វ៉ស (Kevin Warsh) ត្រូវបានគេមើលឃើញថា ជាបេក្ខភាពឈានមុខគេដែលលោក ដូណាល់ ត្រាំ ជ្រើសរើសជាប្រធានធនាគាកណ្ដាលអាម៉េរិកបន្ទាប់ជំនួសលោក ជើរ៉ូម ផៅវែល (Jerome Powell)។ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា លោក ដូណាល់ ត្រាំ បាននិយាយថា ធនាគារកណ្ដាលអាម៉េរិក គួរតែបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់១%ពេញ ហើយបានបញ្ជាក់ទស្សនៈរបស់លោកជាថ្មីថា លោក ជើរ៉ូម ផៅវែល (Jerome Powell) យឺតយ៉ាវណាស់នៅក្នុងការបញ្ចុះអត្រាការប្រាក់។
គួររំឭកថា លោក ដូណាល់ ត្រាំ បានស្តីបន្ទោសលោក ជើរ៉ូម ផៅវែល ម្តងហើយម្តងទៀតចំពោះការមិនបញ្ចុះអត្រាការប្រាក់ដូចដែលលោកចង់បាន។ លោក ដូណាល់ ត្រាំ និងលោក ជើរ៉ូម ផៅវែល បានជួបគ្នាទល់មុខកាលពីសប្ដាហ៍មុន ដោយលោក ដូណាល់ ត្រាំ បានប្រាប់លោក ជើរ៉ូម ផៅវែល ថា ការមិនបញ្ចុះអត្រាការប្រាក់ គឺជាកំហុសមួយដែលលោកបានប្រព្រឹត្ត៕
ដោយ: តែម សុខុម