លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា នៅក្នុងស្ថានភាពបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកជួយផ្ដល់ជាដើមទុនសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម( SME) ដើម្បីឱ្យខ្សែច្រវាក់ផលិតកម្មមានដំណើរការប្រកបដោយនិរន្តរភាព និងផ្ដល់ការងារដល់ពលរដ្ឋ។ ទន្ទឹមនេះ វិស័យសំខាន់នេះ ក៏បានក្លាយជាចលករក្នុងការជួយជំរុញដល់ការរីកចម្រើនរបស់វិស័យ SME ដែលកំពុងត្រូវការដើមទុន ដើម្បីពង្រីកផលិតកម្មឱ្យឆ្លើយតបនឹងកំណើនតម្រូវការក្រោយពលរដ្ឋខ្មែរនាំគ្នាធ្វើពហិការផលិតផលថៃ ផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច យល់ឃើញថា នៅក្នុងបរិបទបច្ចុប្បន្នគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានតួនាទីសំខាន់ណាស់ក្នុងការជួយគាំទ្រដល់អាជីវកម្មឱ្យឆ្លងកាត់បញ្ហាប្រឈម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន។ បើតាមអ្នកជំនាញរូបនេះ ស្ថាប័នហិរញ្ញវត្ថុអាចជួយដល់អាជីវកម្មនានា តាមរយៈការផ្ដល់ឥណទានតម្លៃសមរម្យ និងមានភាពបត់បែន, សម្រួលការទូទាត់ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងការផ្ដល់ឥណទានដល់វិស័យសំខាន់ៗជាដើម។ ការណ៍នេះ ត្រូវបានលោកបណ្ឌិត ឌុច ដារិន្ទ លើកឡើងថា ការជួយគាំទ្ររបស់វិស័យហិរញ្ញវត្ថុបានរួមចំណែកធ្វើឱ្យអាជីវកម្មមានការរីកចម្រើន ហើយមូលដ្ឋានសេដ្ឋកិច្ចជាតិ មានភាពធន់ និងកាន់តែទាក់ទាញការវិនិយោគបន្ថែមផងដែរ។
វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសនៅអំឡុងពេលសេដ្ឋកិច្ចជួបបញ្ហាប្រឈមនានាពីវិបត្តិខាងក្រៅ។ ធនាគារជាតិនៃកម្ពុជាជឿជាក់ថា នៅឆ្នាំ២០២៥ ប្រព័ន្ធធនាគារនៅកម្ពុជានឹងបន្តរក្សាបានភាពរឹងមាំ និងដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រសកម្មភាពសេដ្ឋកិច្ច តាមរយៈការផ្តល់ឥណទានទៅកាន់វិស័យឯកជន ដែលរំពឹងថា នឹងកើនឡើងក្នុងអត្រាមធ្យម៦% ដែលជួយបង្កើនការវិនិយោគ និងការប្រើប្រាស់៕
អត្ថបទ៖ បូ ដូឡា