សង្គ្រាមដែលកំពុងតែរីករាលពេញតំបន់មជ្ឈិមបូព៌ានេះ កំពុងបង្កហានិភ័យថ្មីៗសម្រាប់សេដ្ឋកិច្ចអាម៉េរិក ពិភពលោក ព្រមទាំងការគំរាមកំហែងសន្តិសុខសម្រាប់មហាអំណាចមួយនេះផងដែរ ក្រោយពីព័ត៌មានចារកម្មបានព្រមានថា អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រអ៊ីរ៉ង់ រួមមានក្រុមហាម៉ាស់ និងក្រុមហ៊ូធីជាដើម អាចនឹងវាយប្រហារសងសឹកទៅលើសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើនកាលពីថ្ងៃទី២ ខែមីនា។
Story: សង្គ្រាមនៅអ៊ីរ៉ង់បានបង្កហានិភ័យថ្មីៗសម្រាប់សេដ្ឋកិច្ចអាម៉េរិក និងគំរាមកំហែងសន្តិសុខសម្រាប់មហាអំណាចមួយនេះ ខណៈការប្រយុទ្ធគ្នារីករាលដាលពាសពេញមជ្ឈិមបូព៌ា បានជំរុញឱ្យតម្លៃប្រេងហក់ឡើងថ្លៃពីប្រមាណ៧០ដុល្លារដល់ជិត៨០ដុល្លារក្នុងមួយបារ៉ែល មុនពេលធ្លាក់ចុះបន្តិចវិញ។ ការដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រហ័រមូស ដ៏សំខាន់បានថយចុះ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលសកល។
អាម៉េរិកមានភាពងាយរងគ្រោះចំពោះវិបត្តិថាមពលតិចជាងប្រទេសជាច្រើន ព្រោះអាម៉េរិកជាអ្នកផលិតប្រេង និងឧស្ម័នផ្ទាល់ខ្លួនក្នុងបរិមាណដ៏ច្រើន។ ទោះជាយ៉ាងណាតម្លៃប្រេងទូទាំងពិភពលោកហក់ឡើងថ្លៃនៅតែអាចធ្វើឱ្យអតិផរណាហក់ឡើង រាំងស្ទះដល់ពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ប៉ះពាល់ដល់ការវិនិយោគ ការធ្វើអាជីវកម្ម និងកំណើនសេដ្ឋកិច្ចយឺត។
មុនពេលផ្ទុះសង្គ្រាម ទំនុកចិត្តអាជីវកម្មនៅសហរដ្ឋអាម៉េរិកមានភាពប្រសើរឡើង។ ប៉ុន្តែពេលនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចព្រមានថា សង្គ្រាមអាចនឹងធ្វើឱ្យទំនុកចិត្តអាជីវកម្មធ្លាក់ចុះវិញ។ ពេលនេះគេមិនច្បាស់ទេថា តើសង្គ្រាមនៅអ៊ីរ៉ង់ នឹងជះផលប៉ះពាល់ដល់គោលនយោបាយធនាគារកណ្តាលអាម៉េរិកបែបណានៅឡើយទេ។ ប្រសិនបើតម្លៃប្រេងនៅតែខ្ពស់ ហើយអតិផរណាកើនឡើង ធនាគារកណ្តាលអាម៉េរិកប្រហែលជាចាំបាច់ត្រូវកែសម្រួលផែនការអត្រាការប្រាក់។ ស្ថានភាពស្រដៀងគ្នានេះបានកើតឡើង បន្ទាប់ពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រុមអ្នកជំនាញនិយាយថា ហានិភ័យធំបំផុត គឺថា តើសង្គ្រាមនៅអ៊ីរ៉ង់ នឹងរីករាលដាលដល់កម្រិតណា។ ប្រសិនបើសង្គ្រាមនេះពង្រីកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ឬបង្កឱ្យមានអស្ថិរភាពធំនៅក្នុងប្រទេសអ៊ីរ៉ង់ សេដ្ឋកិច្ចពិភពលោកអាចនឹងរងផលប៉ះពាល់កាន់តែខ្លាំង៕
ដោយ: តែម សុខុម