
លោក សេបាទ្យេន ឡឺកននូ ដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងជំនួសលោក ហ្វ្រង់ស័រ បេរូ ដែលត្រូវបានបណ្តេញចេញពីតំណែងដ៏មិននឹកស្មានដល់កាលពីដើមសប្តាហ៍ កំពុងប្រឈមនឹងបញ្ហាការធ្វើបាតុកម្មស្ទើរពាសពេញប្រទេសរបស់ក្រុមបាតុករ។ នៅពេលនេះបាតុករបារាំង កំពុងតវ៉ានៅតាមអគារសាធារណៈ និងកន្លែងបម្រើសេវាកម្មនានាដោយរាប់ទាំងសេវាកម្មដឹកជញ្ជូន។ ស្ថិតក្នុងស្ថានភាពនេះរដ្ឋាភិបាលបារាំងបានដាក់ពង្រាយកម្លាំងសន្តិសុខដល់ទៅ៨ម៉ឺននាក់ ស្របពេលដែលក្រុមបាតុករប្រមាណ២០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងទីក្រុងប៉ារីស ក្រោយរដ្ឋាភិបាលបរាជ័យក្នុងការទទួលបានការគាំទ្រលើសំណើសុំកាត់បន្ថយការចំណាយ និងការដំឡើងពន្ធពីសភា។
លោកនាយករដ្ឋមន្រ្តីថ្មីរបស់បារាំង ដែលជាមិត្តរបស់ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង និងជារដ្ឋមន្ត្រីការពារជាតិបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៥របស់បារាំងក្នុងរយៈពេលមិនដល់២ឆ្នាំនោះទេ។ អ្នកវិភាគបានលើកឡើងថា ការដោះស្រាយបញ្ហាឱនភាពថវិកាជាតិដែលជាងទំហំផលិតផលក្នុងស្រុកសរុបរហូតដល់៥,៨% និងបញ្ហាបំណុលឡើងដល់កម្រិត១១៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៤ ដែលលើសកម្រិតស្តង់ដាកំណត់របស់សហភាពអឺរ៉ុបនោះ វាជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់បារាំង។
លើសពីនេះអ្វដែលធ្វើឱ្យនាយករដ្ឋមន្ត្រីនេះកាន់តែឈឺក្បាលទៀតនោះ គឺការដោះស្រាយទប់ទល់នឹងការប្រឆាំងនឹងផែនការកាត់បន្ថយការចំណាយ និងកំណែទម្រង់ផ្សេងៗ ដូចជាការបង្កើនអាយុចូលនិវត្តន៍ និងកំណែទម្រង់ប្រព័ន្ធសោធននិវត្តន៍ ដែលអ្នកសេដ្ឋវិទូយល់ឃើញថា វាសុទ្ធតែចាំបាច់ត្រូវតែធ្វើ ដើម្បីរក្សាតុល្យភាពថវិកា៕
ដោយៈ សរ សុជាតិ