
លោក អាហ្គេស្ទីន ខាស្ទេន (Agustín Carstens) ប្រធានជិតចប់អាណត្តិនៃធនាគារ ដើម្បីការទូទាត់អន្តរជាតិ បានយាយថា ការគាំពារនិយម ជាពិសេសពីគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាម៉េរិក កំពុងធ្វើឱ្យសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកចុះខ្សោយ និងជះផលប៉ះពាល់ដល់ផលិតភាព។ លោកបានសង្កត់ធ្ងន់ថា កម្រិតបំណុលខ្ពស់កំពុងធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកកាន់តែងាយរងគ្រោះ និងធ្វើឱ្យសមត្ថភាពរបស់រដ្ឋាភិបាលមានកម្រិតក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា។
ធនាគារដើម្បីការទូទាត់អន្តរជាតិ ក៏បានបញ្ជាក់អំពីការព្រួយបារម្ភនានា ផងដែរ រួមមាន ការធ្លាក់ចុះខ្លាំងរហូតដល់ទៅ១០%នៃតម្លៃប្រាក់ដុល្លារអាម៉េរិក នៅឆ្នាំនេះ ចំនួនប្រជាជនដែលមានវ័យកាន់តែចាស់ ការប្រែប្រួលអាកាសធាតុ និងបញ្ហាខ្សែច្រវាក់ផ្គត់ផ្គង់ដែលបន្ថែមពីលើអស្ថិរភាពពិភពលោក ព្រមទាំងផលប៉ះពាល់រយៈពេលវែងនៃអតិផរណាក្រោយសម័យកូវីដ-១៩ ទៅលើទំនុកចិត្តរបស់សាធារណជន។
ទោះបីជាមានការព្រួយបារម្ភនានាក្ដី ក៏ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅធនាគារ ដើម្បីការទូទាត់អន្តរជាតិ បានគូសបញ្ជាក់ថា ពេលនេះមិនទាន់មានសញ្ញាច្បាស់លាស់ ដែលបង្ហាញថា បណ្ដាវិនិយោគិនសម្រុកចេញទ្រព្យសកម្មរបស់ពួកគេនៅសហរដ្ឋអាម៉េរិក នៅឡើយទេ។
ធនាគារដើម្បីការទូទាត់អន្តរជាតិ បានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនចំនួន១,២ពាន់លានដុល្លារអាម៉េរិក ហើយបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចពិភពលោកត្រូវការភាពធន់ផ្នែកហិរញ្ញវត្ថុដែលរឹងមាំជាងនេះ ស្របពេលដែលពិភពលោកឈានចូលយុគសម័យមិនប្រាកដប្រជា៕
ដោយ: តែម សុខុម