សារព័ត៌មាន The Economic Times បានរាយការណ៍កាលពីថ្ងៃទី២១ ខែមីនា ថា ដោយសារច្រកសមុទ្រ Hormuz ត្រូវបានភាគីអ៊ីរ៉ង់បិទស្ទើរតែទាំងស្រុង ការដឹកជញ្ជូនផលិតថាមពលរួមមានប្រេងឥន្ធនៈ និងឧស្ម័ន ឬហ្គាសត្រូវបានរាំងស្ទះយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រេងឥន្ធនៈហក់ឡើងថ្លៃយ៉ាងគំហុក ហើយកង្វះ នៃការផ្គត់ផ្គង់កំពុងរីករាលដាលពាសពេញអាស៊ី។ ប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលឧស្ម័ន ជាពិសេសនៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ រងផលប៉ះពាល់មុនគេ ដោយរោងចក្រនានាបានកាត់បន្ថយផលិតកម្ម និងអាជីវកម្មជាច្រើនត្រូវបានបិទទ្វារ ហើយអាចនឹងខ្វះសម្រាប់ការផលលិតថាមពលអគ្គិសនីទៀតផង។
ឧស្ម័នធម្មជាតិរាវ LNG ដែលត្រូវបានគេប្រើសម្រាប់បញ្ចូលម៉ូតូកង់បី និងរថយន្ត ប្រើសម្រាប់ផលិតអគ្គិសនី និងប្រើសម្រាប់ចម្អិនអាហារ និងដុតរក្សាកម្ដៅ គឺជាប្រភពថាមពលមួយក្នុងចំណោមប្រភពថាមពល ដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត ពីព្រោះមិនមានឧស្ម័នបម្រុងទ្រង់ទ្រាយធំ ឬជម្រើសឆាប់រហ័ស ដែលអាចប្រើជំនួសវានៅឡើយទេ។ ប្រសិនបើការរាំងស្ទះនេះបន្តអូសបន្លាយរយៈពេលលើសពីពីរបីខែ វាអាចក្លាយជាវិបត្តិផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតមិនធ្លាប់មាន។
នៅពេលដែលឧស្ម័នហក់ឡើងថ្លៃកាន់តែខ្លាំង បណ្ដាប្រទេសក្រីក្រអាចនឹងត្រូវបង្ខំចិត្តកាត់បន្ថយការប្រើប្រាស់ ឬប្តូរទៅប្រើធ្យូងថ្ម ដែលមានតម្លៃថោកជាង ប៉ុន្តែវាក៏បំពុលដល់បរិយាកាសច្រើនជាងឧស្ម័នដែរ។ ទន្ទឹមនេះ បណ្ដាប្រទេសអ្នកមានអាចនឹងប្រកួតប្រជែង ឬដណ្ដើមគ្នាទិញឧស្ម័ន ដែលការផ្គត់ផ្គង់មានកម្រិត ហើយជាលទ្ធផលនឹងជំរុញឱ្យឧស្ម័នឡើងថ្លៃកាន់តែខ្ពស់។
ក្រុមអ្នកជំនាញបានលើកឡើងថា បើទោះបីជាសង្គ្រាមអ៊ីរ៉ង់បានបញ្ចប់ក៏ដោយ ក៏ផលប៉ះពាល់អាចមានរយៈពេលរាប់ឆ្នាំ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត ហើយការផ្គត់ផ្គង់ទូទាំងពិភពលោកដ៏តឹងតែង ឬមានកម្រិត៕
ដោយ: តែម សុខុម