លោកស្រី អិនហ្គោហ្ស៊ី អូខុនចូ អ៊ីវៀឡា (Ngozi Okonjo-Iweala) ប្រធានអង្គការពាណិជ្ជកម្មពិភពលោក បានលើកឡើងត្រង់ៗនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មលើកទី១៤ របស់ WTO នៅប្រទេសកាមេរូន ថា សណ្ដាប់ធ្នាប់ពាណិជ្ជកម្មពិភពលោកចាស់ នឹងមិនវិលត្រឡប់មកវិញឡើយ។ ការថ្លែងបែបនេះ ធ្វើឡើងបន្ទាប់ពីមើលឃើញជាច្រើនឆ្នាំកន្លងមកនេះ ច្បាប់ទម្លាប់ពាណិជ្ជកម្មអន្តរជាតិ ត្រូវបានរង្គោះរង្គើដោយសារវិធានការពន្ធគយដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ នៅក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោក ហាក់ដូចជាមានភាពចម្រូងចម្រាសរវាងអាម៉េរិក ចិន និង អឺរ៉ុប។
ជុំវិញបញ្ហានេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក លោក ចេមីសុន ហ្គ្រៀ (Jamieson Greer) បានចេញមកការពារគោលនយោបាយដ៏រឹងត្អឹងរបស់លោកថា វាគ្រាន់តែជាការកែតម្រូវប្រព័ន្ធពាណិជ្ជកម្ម ដែលពោរពេញទៅដោយអសមភាព។ លោកជឿជាក់ថា សណ្តាប់ធ្នាប់ពិភពលោកថ្មី គួរតែផ្អែកលើកិច្ចព្រមព្រៀងរវាងក្រុមតូចៗ ដែលយល់ស្របគ្នា ជាជាងការចំណាយពេលរាប់ទសវត្សរ៍ ដើម្បីរង់ចាំការឯកភាពគ្នាជាឯកច្ឆន្ទរវាងប្រទេសសមាជិកទាំងអស់ ដែលទំនងជាមិនអាចទៅរួចទេ។
ចំណុចដ៏ក្ដៅបំផុតនៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺគោលការណ៍ប្រជាជាតិពេញចិត្តបំផុត ដែលតម្រូវឱ្យអនុវត្តពន្ធគយស្មើៗគ្នានៅគ្រប់ប្រទេសទាំងអស់។ ស្របពេលទីក្រុងវ៉ាស៊ីនតោនចេញមករិះគន់ថា ប្រព័ន្ធនេះបរាជ័យហើយ ភាគីចិនឯណោះវិញតាមរយៈរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក វ៉ាង វិនតៅ (Wang Wentao) ក៏បានចេញមុខការពារភ្លាមៗយ៉ាងប្ដូរផ្ដាច់ ដោយព្រមានថា បើគ្មានគោលការណ៍ប្រជាជាតិពេញចិត្តបំផុតជាគ្រឹះទេ ពាណិជ្ជកម្មសកលនឹងត្រូវបែកខ្ញែកជាបំណែកៗជាក់ជាមិនខានឡើយ។ ចំណែកសហភាពអឺរ៉ុប ក៏ហាក់ដូចជាកំពុងតែផ្អៀងទៅរកការផ្លាស់ប្តូរដែរ ដោយស្នើឱ្យមានក្របខណ្ឌច្បាប់ដែលមានភាពបត់បែន ដើម្បីទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន។
ក្ដីបារម្ភកាន់តែខ្លាំងបានធ្លាក់ទៅលើ លោក គ្រីស ប្រៃអេន (Chris Bryant) រដ្ឋមន្ត្រីពាណិជ្ជកម្មចក្រភពអង់គ្លេស ដែលបានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋមន្ត្រីទាំងអស់មិនអាចដោះស្រាយរឿងនេះឱ្យចប់សព្វគ្រប់ក្នុងសប្តាហ៍នេះទេ នោះអង្គការពាណិជ្ជកម្មពិភពលោក នឹងដួលរលំ ហើយប្រទេសមហាអំណាចមួយចំនួន នឹងចាប់ផ្ដើមសរសេរច្បាប់ពាណិជ្ជកម្មតាមអំពើចិត្តរបស់ពួកគេជាក់ជាមិនខានឡើយ៕
អត្ថបទៈ សួន ឡង់ទី