លោក ហ្វាទិ ប៊ីរ៉ូល (Fatih Birol) ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ អំពាវនាវឱ្យប្រទេសទាំងអស់កុំដាក់កំហិត ឬរឹតត្បិតការនាំចេញប្រេងឥន្ធនៈក្នុងអំឡុងពេលសង្គ្រាមនៅតំបន់មជ្ឈិបូព៌ានេះ ព្រោះពេលនេះជាពេលវេលាដ៏អាក្រក់បំផុតសម្រាប់ទីផ្សារប្រេងសកល ហើយសកម្មភាពទាំងនេះនឹងធ្វើឱ្យដៃគូពាណិជ្ជកម្ម សម្ពន្ធមិត្ត និងប្រទេសជិតខាងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ទោះបីជាលោកមិនបានបញ្ចេញឈ្មោះចំៗក៏ដោយ ប៉ុន្តែអ្នកវិភាគយល់ថា សារនេះទំនងជាចង់សំដៅដោយផ្ទាល់ទៅកាន់ទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន បន្ទាប់ពីចិន បានហាមឃាត់ការនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងយន្តហោះ ដើម្បីត្រៀមបម្រុងក្នុងស្ថានភាពសង្គ្រាម ដែលបានអូសបន្លាយចូលដល់សប្តាហ៍ទី៥។ លោក ប៊ីរ៉ូល បានជំរុញឱ្យមហាអំណាចអាស៊ី ដែលមានរោងចក្រចម្រាញ់ប្រេងធំៗគួរតែពិចារណាឡើងវិញនូវវិធានការនេះ ដើម្បីចៀសវាងមហន្តរាយដល់សេដ្ឋកិច្ចក្នុងតំបន់។
ជាមួយគ្នានេះសហរដ្ឋអាម៉េរិកកំពុងរងការសង្ស័យជុំវិញពាក្យចចាមអារ៉ាមអំពីការរឹតត្បិតការនាំចេញប្រេងចម្រាញ់ បន្ទាប់ពីតម្លៃប្រេងសាំងក្នុងស្រុកហក់ឡើងដល់៤ដុល្លារក្នុងមួយហ្គាឡុង ដោយមួយហ្គាឡុងមានជិត៤លីត្រ។ ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងថាមពលអាម៉េរិក លោក គ្រីស រ៉ៃ (Chris Wright) បានចេញមុខបដិសេធចំពោះការហាមឃាត់ការនាំចេញប្រេងឆៅនេះ។
លោក ប៊ីរ៉ូល បានបន្ថែមថា សកម្មភាពស្តុកទុកថាមពលពីសំណាក់ប្រទេសមួយចំនួន កំពុងរំខានដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីភ្នាក់ងារថាមពលអន្តរជាតិក្នុងការបញ្ចេញប្រេងបម្រុងគ្រាអាសន្នចំនួន៤០០លានបារ៉ែល ដើម្បីរក្សាស្ថិរភាពទីផ្សារ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចំនួនប្រេងស្តុករបស់សហរដ្ឋអាម៉េរិក និងចិនបានកើនឡើងគួរឱ្យកត់សម្គាល់។ យោងតាមរបាយការណ៍ពីការិយាល័យទិន្នន័យថាមពលអាម៉េរិក (EIA) បរិមាណប្រេងស្តុករបស់អាម៉េរិកបានកើនឡើងប្រមាណ៥% បើធៀបនឹងឆ្នាំមុន ទោះបីជាខ្លួនជាអ្នកគាំទ្រដ៏ធំ នៃផែនការបញ្ចេញប្រេងបម្រុងរបស់ IEA ក៏ដោយ៕
អត្ថបទៈ សួន ឡង់ទី