មេបក្សប្រឆាំងដ៏ធំជាងគេនៅប្រទេសថៃ បានចាត់ទុកការបោះឆ្នោតនៅឆ្នាំក្រោយមិនមែនគ្រាន់តែជាការជ្រើសរើសគណបក្សនយោបាយណាមួយនោះទេ តែជាការជ្រើសរើសថា តើពលរដ្ឋសុខចិត្តបន្តរស់នៅជាមួយរដ្ឋ ដែលដឹកនាំប្រទេសឱ្យបរាជ័យដូចបច្ចុប្បន្ន ឬចាប់ផ្តើមកសាងប្រទេសជាមួយអ្នកថ្មី?
សារព័ត៌មាន The Nation បានរាយការណ៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា លោក ណាថាផុង រឿងផានយ៉ាវុធ (Natthapong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជនថៃ បានកំណត់ចក្ខុវិស័យចំនួន៣ ដែលផ្តោតសំខាន់លើតម្លាភាព សមភាព និងអភិបាលកិច្ចទំនើប ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។ មេបក្សប្រឆាំងថៃ ដ៏ធំជាងគេនេះថា ចក្ខុវិស័យទាំង៣នេះមានគោលបំណង ដើម្បីរៀបចំប្រទេសថៃ ឡើងវិញ។
ចក្ខុវិស័យទាំង៣នេះ រួមមាន លុបបំបាត់ពណ៌ប្រផេះពីសង្កមថៃ ដោយធានាបង្កើតរដ្ឋាភិបាល ដែលមានតម្លាភាព និងគ្មានអំពើពុករលូយ, ធ្វើឲ្យសង្គមថៃ ក្លាយជាសង្គមស្មើភាព ដោយគ្មានការចែកចាយអំណាច និងធានាយុត្តិធម៌សង្គម និងធ្វើឲ្យថៃ ក្លាយជាប្រជាជាតិទាន់សម័យមានរដ្ឋាភិបាលទំនើប និងមានប្រសិទ្ធភាព។
សម្រាប់អ្នកនយោបាយវ័យក្មេងដ៏មានឥទ្ធិពលខាងលើ ការបោះឆ្នោតនៅឆ្នាំក្រោយមិនមែនគ្រាន់តែជាការជ្រើសរើសគណបក្សនយោបាយណាមួយនោះទេ តែជាការជ្រើសរើសថា តើពលរដ្ឋសុខចិត្តបន្តរស់នៅជាមួយរដ្ឋ ដែលមានគោលនយោបាយចាស់គំរិល និងគ្រប់គ្រង និងដឹកនាំប្រទេសឱ្យបរាជ័យដូចបច្ចុប្បន្ន ឬចាប់ផ្តើមកសាងប្រទេសជាមួយអ្នកថ្មី?
លោកបានសង្កត់ធ្ងន់ថា អស់រយៈពេល១៥ឆ្នាំកន្លងមកនេះ សំឡេងរបស់ប្រជាជនថៃ មិនទាន់បានកំណត់រដ្ឋាភិបាលពិតប្រាកដណាមួយនៅឡើយទេ ដោយសារប្រទេសនេះបានប្រឈមមុខនឹងរដ្ឋប្រហារយោធាម្តងហើយម្តងទៀត និងរចនាសម្ព័ន្ធអំណាចមិនប្រជាធិបតេយ្យ។ លោកយល់ឃើញថា ថៃ ចាំបាច់ត្រូវមានរដ្ឋាភិបាល ដែលមានស្ថិរភាព ជាមួយនឹងឆន្ទៈនយោបាយដ៏រឹងមាំ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រទេសជាតិ៕
ដោយៈ សរ សុជាតិ