លោក ស៊ិរិផុង អាំងកាសាគុលកៀត (Siripong Angkasakulkiat) អនុប្រធានគណបក្សភូមិចៃថៃ បានផ្ដល់ការសន្យាមិនដំឡើងពន្ធអាករលើតម្លៃបន្ថែមឱ្យដល់១០% កាលពីថ្ងៃទី២៣ ខែកុម្ភៈ គឺដើម្បីឆ្លើយតបនឹងសំណើមួយរបស់អនុគណៈកម្មាធិការព្រឹទ្ធសភាផ្នែកសេដ្ឋកិច្ច រូបិយប័ណ្ណ និងហិរញ្ញវត្ថុកាលពីសប្តាហ៍មុន។ ជាមួយគ្នានេះ លោក ស៊ិរិផុង បានច្រានចោលការព្រួយបារម្ភរបស់សាធារណជនអំពីការដំឡើងពន្ធលើតម្លៃបន្ថែមនេះ ដោយបានថ្លែងថា រដ្ឋាភិបាលមិនមានផែនការដំឡើងពន្ធនេះក្នុងរយៈពេលខ្លីនោះទេ។
លោកបានសង្កត់ធ្ងន់ថា រឿងសំខាន់ដំបូងគេដែលត្រូវធ្វើ គឺការស្តារសេដ្ឋកិច្ចឡើងវិញ មិនមែនជាការបង្កើនបន្ទុកដល់ប្រជាជនតាមរយៈការដំឡើងពន្ធលើតម្លៃបន្ថែមនោះទេ។ ការពិចារណាលើគោលនយោបាយពន្ធដារ អាចកើតឡើងទៅបាន លុះត្រាតែប្រជាជនមានស្ថិរភាពសេដ្ឋកិច្ចល្អប្រសើរជាមុនសិន។
ទោះជាយ៉ាងណាលោកស្រី ឆាយ៉ាណាត ទីយ៉ាត្រាកានឆៃ (Chayanant Tiyatrakarnchai) ប្រធានអនុគណៈកម្មាធិការកិច្ចការហិរញ្ញវត្ថុបានព្រមានថា រដ្ឋាភិបាលថ្មីនឹងត្រូវប្រឈមមុខនឹងបញ្ហាប្រឈមធំៗចំនួន៣រួមមានការកើនឡើងនៃបំណុលគ្រួសារ និងបំណុលសាធារណៈ, បញ្ហាឱនភាពថវិកាជាតិ និងការចំណាយខ្ពស់លើការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង។
ចំណែកលោក វ៉ារីធ ភិភីតផូចាណាកាន (Varith Pipitpojanakarn) លេខាធិការនៃអនុគណៈកម្មាធិការបានព្យាករថា ទស្សនវិស័យហិរញ្ញវត្ថុរបស់ថៃ អាចនឹងអាប់អួរ ដោយសារឱនភាពថវិកាអាចឡើងដល់៤,៤% ខណៈបំណុលសាធារណៈអាចនឹងហក់ឡើងជិត៧០% នៅឆ្នាំ២០២៨ ដែលជាកម្រិតនៃវិបត្តិ។
គួររំលឹកថា កាលពីសប្តាហ៍មុន អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Pisit Lee-artham បានស្នើឱ្យមានការដំឡើងពន្ធលើតម្លៃបន្ថែមពី៧%ទៅ១០%។ លោកបានវាយតម្លៃថា ការដំឡើងនេះនឹងជួយឱ្យរដ្ឋទទួលបានចំណូលបន្ថែមប្រមាណ៤០០ ពាន់លានបាត ដែលអាចយកទៅប្រើប្រាស់ក្នុងកម្មវិធីសុខុមាលភាពសម្រាប់សង្គមមនុស្សចាស់ និងជំរុញកំណើនសេដ្ឋកិច្ច។
តែគណបក្សភូមិចៃថៃ ដែលជាអ្នកដឹកនាំរដ្ឋាភិបាលថ្មី បានសម្រេចចិត្តទាត់ចោលសំណើនោះ ដើម្បីកាត់បន្ថយសម្ពាធលើការចំណាយប្រចាំថ្ងៃរបស់ប្រជាជនថៃ៕
អត្ថបទៈ សួន ឡង់ទី