ថ្លៃទំនិញ

អ្នកជំនាញអះអាងថា ទោះតម្លៃទំនិញនៅលើទីផ្សារមិនទាន់ហក់ដល់កម្រិតគួរឱ្យបារម្ភ តែវាកំពុងវាយប្រហារជីវភាពពលរដ្ឋមានចំណូលទាប


ការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈសកលនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដែរ។ បញ្ហានេះបានរុញច្រានឱ្យតម្លៃទំនិញ និងសេវាកម្មមួយចំនួនកើនឡើង ដែលជះឥទ្ធិពលផ្ទាល់ដល់កញ្ចប់ថវិកាចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ថ្លៃទំនិញ
ដោយ

ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មអះអាងថា កំណើនតម្លៃទំនិញបច្ចុប្បន្នមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់លើសពី២០% ដែលទាមទារការអន្តរាគមន៍បន្ទាន់នៅឡើយទេ។ ប៉ុន្តែសម្រាប់ក្រុមអ្នកជំនាញយល់ឃើញថា ទោះជាមិនទាន់ដល់កម្រិតព្រួយបារម្ភតាមតួលេខបច្ចេកទេស ក៏ផលប៉ះពាល់បានជ្រាបចូលដល់ជីវភាពពលរដ្ឋរួចទៅហើយ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការកើនឡើងខ្ពស់ នៃតម្លៃប្រេងសកលនាពេលនេះ ពិតជាបានជំរុញឱ្យតម្លៃទំនិញនៅលើទីផ្សារកម្ពុជា កើនឡើងពិតប្រាកដមែន ជាពិសេសទំនិញ ដែលមានតម្រូវការដឹកជញ្ជូនផ្លូវឆ្ងាយ និងពាក់ព័ន្ធនឹងខ្សែច្រវាក់ផលិតកម្ម ដែលប្រើប្រាស់ប្រេងឥន្ធនៈ។ បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្នតម្លៃទំនិញជារួម ពិសេសម្ហូបអាហារ គឺពុំទាន់ហក់ឡើងខ្ពស់ដល់អត្រា២០% ដែលជាកម្រិតគួរឱ្យព្រួយបារម្ភនៅឡើយទេ។ តែយ៉ាងណា ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីចៀសវាងការឆ្លៀតឱកាសដំឡើងថ្លៃទំនិញហួសហេតុរបស់ឈ្មួញមួយចំនួន ក្រោមហេតុផលតម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះ។

ជាមួយគ្នានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានគូសបញ្ជាក់ថា ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញនៅលើទីផ្សារនាពេលនេះ កំពុងគំរាមកំហែងយ៉ាងខ្លាំងដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដ្បិតប្រាក់ចំណូល និងការចំណាយគ្មានតុល្យភាព។ អ្នកជំនាញរូបនេះបានព្រមានថា ប្រសិនបើបញ្ហានេះបន្តអូសបន្លាយពេលយូរ នោះភាពអន្តរាយរបស់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងកើតមាន ហើយវានឹងទាញទម្លាក់ដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល ដូច្នេះទាមទារឱ្យរាជរដ្ឋាភិបាលត្រូវគ្រប់គ្រងកំណើនអត្រាអតិផរណាឱ្យបានជាចាំបាច់។

ពាក់ព័ន្ធបញ្ហានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ការកើនឡើងនៃតម្លៃទំនិញនៅលើទីផ្សារនាពេលនេះ បានជះផលប៉ះពាល់រួចទៅហើយដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ពិសេសពលរដ្ឋដែលមានប្រាក់ចំណូលទាបតែម្តង ទោះបីជាការកើនឡើងថ្លៃទំនិញនេះមិនទាន់ដល់កម្រិតខ្ពស់គួរឱ្យព្រួយបារម្ភក៏ដោយ។ ដូច្នេះប្រសិនបើតម្លៃទំនិញបន្តកើនឡើងខ្ពស់ថែមទៀត អ្នកជំនាញរូបនេះជឿជាក់ថា វានឹងបង្កផលប៉ះពាល់កាន់តែខ្លាំងដល់ការចំណាយរបស់ពលរដ្ឋ ដែលទាមទារឱ្យមានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល ពិសេសពលរដ្ឋដែលងាយរងគ្រោះ និងពលរដ្ឋដែលមានជីវភាពខ្វះខាត។

ស្រដៀងគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវបានគូសបញ្ជាក់ថា ការកើនឡើងតម្លៃទំនិញ និងប្រេងឥន្ធនៈនាពេលបច្ចុប្បន្ននេះ គឺជាផលប៉ះពាល់មួយដែលគួរមានការប្រុងប្រយ័ត្នខ្ពស់បំផុត។ សម្រាប់អ្នកជំនាញរូបនេះ ការកើនឡើងតម្លៃទំនិញនៅកម្ពុជា ទំនងជាអាចបន្តអូសបន្លាយពេលយូរ ដ្បិតបញ្ហាសង្រ្គាមនៅមជ្ឈិមបូព៌ាមិនទាន់រកច្រកចេញបាន ដូច្នេះលោកយល់ថា រាជរដ្ឋាភិបាលគួរបន្តដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀត ក្នុងគោលដៅដើម្បីជួយសម្រួល និងសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋឱ្យបានកាន់តែទូលំទូលាយ។

គួរជម្រាបថា ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអីស្រាអែលបានបើកការវាយប្រហារទៅលើអ៊ីរ៉ង់បានរុញច្រានតម្លៃប្រេងឥន្ធនៈនៅលើពិភពលោក រួមទាំងកម្ពុជា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ហើយតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់នានា ក៏មានការកើនឡើងតាមនឹងផងដែរ។ ជាក់ស្ដែងតម្លៃប្រេងសាំងធម្មតានៅទីផ្សារកម្ពុជា ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់មានការប្រកាសជាថ្មីបានហក់ឡើងដល់៥,៤៥០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូត បានហក់ឡើងដល់៧,៥០០រៀលក្នុងមួយលីត្រ៕




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំទ្រដល់ពលរដ្ឋ ដែលមានសមត្ថភាពកែច្នៃប្រេងឥន្ធនៈប្រើប្រាស់ដោយខ្លួនឯង

នាពេលថ្មីៗនេះសម្ទុះ នៃការកែច្នៃកាកសំណល់ប្លាស្ទិកឱ្យទៅជាប្រេងសាំង និងម៉ាស៊ូតពីសំណាក់ប្រជាពលរដ្ឋខ្មែរបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ