ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និយ័តករគណនេយ្យ និងសវនកម្ម, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុងបម្រើការងារនៅតាមសហគ្រាសសាធារណៈទាំង ២៦ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ ដែលសរុបមានអ្នកចូលរួមប្រមាណ ១០០រូប។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដោយមានការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយសិក្ខាកាមសរុប ៩៣រូប បានទទួលការបណ្ដុះបណ្ដាលផ្ទាល់ពីគ្រូឧទ្ទេសនៃនិយ័តករគណនេយ្យ និងសវនកម្ម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រាប់សិក្ខាកាមក្រុមទី១ និងក្រុមទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់ពីបានចូលរួមការបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានយល់ដឹងបន្ថែមអំពីទស្សនាទាន និងគោលការណ៍គ្រឹះនៃគណនេយ្យ និងសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុ ពិសេសប្រភេទឯកសារ និងលំហូរនៃការកត់ត្រាប្រតិបត្តិការគណនេយ្យ ព្រមទាំងការកត់ត្រាគណនីទ្វេភាគ, របៀបកត់ត្រាតាមគណនីសំខាន់ៗក្នុងសៀវភៅធំ និងតារាងតុល្យការ រួមមាន សន្និធិ, ទ្រព្យសកម្មរយៈពេលវែងរូបិយ, ការបង្គរ និងការបង់មុន, បំណុលពិបាកទារ និងការបង្គរទុក ព្រមទាំងការកត់ត្រាអាករលើតម្លៃបន្ថែម។
ទន្ទឹមនេះ សិក្ខាកាមក៏យល់ដឹងបន្ថែមអំពីគណនីត្រួតពិនិត្យ, ការផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងការកែតម្រូវកំហុសឆ្គង ក៏ដូចជាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំង ៣ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ, របាយការណ៍ចំណេញ ឬខាត, របាយ-ការណ៍បម្រែបម្រួលមូលធន, និងការប្រើប្រាស់ប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល។ ជារួម វគ្គបណ្ដុះបណ្ដាលនេះបានរួមចំណែកដល់ការពង្រឹងនិងពង្រីកការយល់ដឹង ចំណេះដឹង និងចំណេះធ្វើពាក់ព័ន្ធការងារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាផ្នែកមួយសំខាន់ និងជាគន្លឹះសម្រាប់ឈានដល់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមួយគ្រប់ជ្រុងជ្រោយ បង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់សហគ្រាសទាំងអស់ដែលរដ្ឋជាម្ចាស់កម្មសិទ្ធិ។ ទន្ទឹមនេះ ចំណេះដឹងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាមូលដ្ឋានរឹងមាំ ដើម្បីឱ្យសហគ្រាសសាធារណៈទាំងអស់អាចឈានទៅអនុវត្តការកត់ត្រា និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្ដងដាគណនេយ្យសាធារណៈនៅកម្ពុជា។
ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងលទ្ធផលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ដែលជាផ្នែកមួយនៃវិធានការកែទម្រង់ដោយផ្ដោតលើការពង្រឹងសមត្ថភាពក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃសហគ្រាសសាធារណៈ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈដែលមានទិសដៅពង្រឹងអភិបាលកិច្ច គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការប្រកបអាជីវកម្មរបស់សហគ្រាសសាធារណៈ។ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ជាក់ថា តាមទិសដៅនៃការកែទម្រង់សហគ្រាសសាធារណៈ រាជរដ្ឋាភិបាលនឹងប្រគល់ជូនសហគ្រាសសាធារណៈកាន់តែច្រើនឡើង និងច្បាស់លាស់ជាងមុន លើស្វ័យភាពផ្នែកគ្រប់គ្រង, ស្វ័យភាពខាងហិរញ្ញវត្ថុ និងការគ្រប់គ្រងថវិកា ដើម្បីផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ជូនដល់សហគ្រាសសាធារណៈ ក្នុងការប្រកបអាជីវកម្ម ឬផ្ដល់សេវា ឱ្យសម្រេចបានតាមគោលបំណងចម្បងនៃការបង្កើតសហគ្រាសសាធារណៈ គឺ៖ (ទី១) អាចសម្រេចបានគោលដៅអាជីវកម្មដោយទទួលបានប្រាក់ចំណេញក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែង និងមាននីរន្តរភាពអាជីវកម្ម, និង (ទី២) អាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់សេវា និងទំនិញផ្នែកសង្គម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។
សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា រួមមាន៖ វគ្គបណ្ដុះបណ្ដាលស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្ម, វគ្គបណ្ដុះបណ្ដាល ស្ដីពីអភិបាលកិច្ចសាជីវកម្មនៃសហគ្រាសសាធារណៈ, និងវគ្គបណ្ដុះបណ្ដាលជំនាញពន្ធដារ។ រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសសាធារណៈជាតួអង្គអភិវឌ្ឍន៍យ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដោយពិនិត្យឃើញអំពីតួនាទីរបស់សហគ្រាសសាធារណៈកាន់តែមានសារសំខាន់និងមិនអាចខ្វះបាន ដើម្បីផ្ដល់សម្ទុះកំណើនសេដ្ឋកិច្ច និងការបង្កើនល្បឿននៃកិច្ចអភិវឌ្ឍសង្គម, រាជរដ្ឋាភិបាលបានកំណត់យកការពង្រឹងសហគ្រាសសាធារណៈ ជាវិធានការកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ២០២៥-២០៣០” ដែលជាឯកសារចង្អុលបង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅពង្រឹងបន្ថែមទៀតនូវអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសសាធារណៈ ឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ។