
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ រួមទាំងមន្ត្រីជំនាញជាន់ខ្ពស់ មន្ត្រីជំនាញ នៃ អ.គ.ហ.។ កិច្ចប្រជុំនេះ ត្រូវបានបែងចែកជា ២ ពេល ដោយពេលព្រឹក មានការចូលរួមពីគ្រប់អង្គនាយកដ្ឋាន និងអង្គភាពអនុវត្តកម្មវិធីកែទម្រង់ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងពេលរសៀលមានការចូលរួមពីគ្រប់ក្រសួង-ស្ថាប័ន ដែលចូលរួមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសរុបទាំង ២ ពេល មានសមាជិកចូលរួមសរុបប្រមាណ ២៦០ នាក់។

កិច្ចប្រជុំទាំង ២ នេះ រៀបចំឡើងក្នុងគោលបំណងតាមដាន និងរាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងការអនុវត្តថវិការបស់គ្រប់ក្រសួង-ស្ថាប័ន, អគ្គនាយដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត កំណត់ការប្រឈម និងសំណើដំណោះស្រាយ ដើម្បីជំរុញការអនុវត្តនៅឆមាសបន្ទាប់។ ជារួម ផ្អែកតាមលទ្ធផលនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ បានបង្ហាញថាវឌ្ឍនភាពនៃការអនុវត្តកំពុងស្ថិតក្នុងគន្លងឆ្ពោះទៅសម្រេចបានតាមផែនការដែលបានគ្រោងទុក ទោះបីជាមានសកម្មភាពមួយចំនួនកំពុងមានវឌ្ឍនភាពយឺតយ៉ាវបន្តិចក្ដី។ ដោយឡែក សម្រាប់ការអនុវត្តថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៥ សម្រេចបានត្រឹម ៩១% ប៉ុណ្ណោះធៀបនឹងផែនការឆមាស និង ៤៣% ធៀបនឹងផែនការប្រចាំឆ្នាំ។

យ៉ាងណាមិញ ស្របពេលដែលវិសាលភាពនៃការអនុវត្តកម្មវិធីកែទម្រង់កាន់តែធំឡើង តម្រូវការថវិកាក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ ទទឹមនេះ អ.គ.ហ. ក៏បានស្នើគ្រប់ក្រសួង-ស្ថាប័ន, អង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ រាជធានី-ខេត្ត, ឱ្យពង្រឹងប្រសិទ្ធភាពនៃការអនុវត្ត ដោយគោរពតាមផែនការថវិកាដែលបានអនុម័ត ដោយចៀសវាងនូវការធ្វើនិយ័តថវិកា និងស្នើបន្ថែមឥណទានថវិកាលើមុខសញ្ញាមិនចាំបាច់ លើកលែងតែមានការណែនាំ ឬការប្រគល់ភារកិច្ចថ្មីពី គ.ហ.ស. និងបានរំលឹកជូនគ្រប់អង្គភាពឱ្យបន្តពន្លឿនការអនុវត្តផែនការសកម្មភាព និងផែនការថវិកាដែលមានភាពយឺតយាវ ដើម្បីសម្រេចឱ្យបាននូវក្របខ័ណ្ឌសមិទ្ធកម្មតាមគោលដៅប្រចាំឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះដែរ អ.គ.ហ. ក៏បានធ្វើបទបង្ហាញជាថ្មីម្ដងទៀតពាក់ព័ន្ធនឹងការដាក់ឱ្យអនុវត្តនូវក្របខ័ណ្ឌគ្រប់គ្រងសមិទ្ធកម្ម ដែលជាចំណុចរបត់ថ្មីក្នុងការបង្កើនគណនេយ្យភាព និងការទទួលខុសត្រូវបន្ថែមចំពោះសមិទ្ធកម្ម តាមរយៈការផ្សារភ្ជាប់លទ្ធផលគន្លឹះ/ផែនការសកម្មភាពលម្អិត ជាមួយនឹងកញ្ចប់ថវិកាគាំទ្រការអនុវត្តសកម្មភាព និងប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ដើម្បីត្រៀមខ្លួនក្នុងការអនុវត្តក្របខ័ណ្ឌស្ដីពីការគ្រប់គ្រងសមិទ្ធកម្មបច្ចុប្បន្នកម្ម ដែលរាជរដ្ឋាភិបាលបានដាក់ចេញ តាមរយៈសារាចរលេខ ១៤ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រកាសលេខ ៩៨៧ និងប្រកាសលេខ ៩៨៨ ចុះថ្ងៃទី ខែធ្នូ ឆ្នាំ២០២៤ ស្តីពីគោលការណ៍ យន្តការ នីតិវិធី និង ការតាមដាននិងវាយតម្លៃ សម្រាប់ការផ្តល់ការលើកទឹកចិត្ត ជូនក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។



















