ប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និង ឯកឧត្ដម ចាន់ សុធី រដ្ឋលេខាធិការ កសហវ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំ ជាមួយ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីក្រសួង ស្ថាប័នចំនួន ២៣ ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់ការរៀបចំផែនការផ្ទេរសិទ្ធិអំណាចពេញលេញជូនអង្គភាពថវិកា ក្រោមឱវាទក្រសួង ស្ថាប័នទាំង ២៣ នេះ។ បន្ថែមពីនេះ កិច្ចប្រជុំ ក៏មានការចូលរួមពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. ចំនួន ៣ ផងដែរ រួមមាន អគ្គនាយកដ្ឋានថវិកា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល ក៏បានរំលឹកផងដែរអំពីគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធ «ថវិកាព័ត៌មានសមិទ្ធកម្ម» ជាមូលដ្ឋានក្នុងឆ្នាំ២០២៦ ដើម្បីបន្ដកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិត ក៏បានបញ្ចាក់ផងដែរថា ដើម្បីធានាបានគណនេយ្យភាពពេញលេញចំពោះសមិទ្ធកម្ម អង្គភាពថវិកានីមួយៗ ត្រូវមានសិទ្ធិគ្រប់គ្រាន់ ស្របទៅតាមច្បាប់ ក្នុងការគ្រប់គ្រងប្រតិបត្តិការចំណូល និងចំណាយថវិកាក្នុងវង្វង់ឥណទានថវិការបស់ខ្លួន។ ក្នុងន័យនេះ ការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន គឺជាកូនសោដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
ក្រោយក្រសួង ស្ថាប័នទាំង ២៣ ធ្វើបទអន្តរាគមន៍អំពីវឌ្ឍនភាព កត្តាសត្យានុម័ត និងបញ្ហាប្រឈមផ្សេងៗដែលបង្កការរាំងស្ទះ ដល់ការអនុវត្តអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ឯកឧត្ដមបណ្ឌិត បានធ្វើការបូកសរុប ព្រមទាំងបញ្ជាក់ពីគោលជំហររបស់ កសហវ. ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន កិច្ចការបច្ចេកទេស និងការបង្កើនសមត្ថភាពមន្ត្រីអនុវត្តការងារ ដើម្បីសម្រេចបានតាមគោលដៅរំពឹងទុក។
មុននឹងបញ្ចប់, ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីបុរេសកម្ម និងមានភាពជាម្ចាស់ខ្ពស់ ព្រមទាំងបានស្នើសុំឱ្យអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. បន្ដផ្ដល់ការគាំទ្រដល់គ្រប់ក្រសួង ស្ថាប័ន ឱ្យអស់ពីកម្លាំងកាយចិត្ត លើកិច្ចការដ៏មានសារៈសំខាន់នេះ៕