វិស័យសេដ្ឋកិច្ច

តើភាគីពាក់ព័ន្ធគួរធ្វើដូចម្តេច ដើម្បីឱ្យស្មារតីជាតិនិយមរបស់ពលរដ្ឋខ្មែរដូចបច្ចុប្បន្នអាចរក្សាបានយូរអង្វែង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ?


ក្រោយកម្ពុជា មានជម្លោះព្រំដែនជាមួយថៃ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរបានបង្ហាញស្មារតីជាតិនិយមជាធ្លុងមួយ ដោយបាននាំគ្នាងាកចេញពីការប្រើប្រាស់ផលិតផលថៃ មកគាំទ្រផលិតផលខ្មែរ ដែលជាហេតុធ្វើឱ្យផលិតផលខ្មែរទាំងនោះលក់ដាច់ច្រើនជាងមុន និងខ្លះទៀតឈានដល់អស់ពីស្តុក។ បើតាមអ្នកជំនាញ ដើម្បីអាចឱ្យស្មារតីនិយមនេះរក្សាបានយូរអង្វែង ពលរដ្ឋត្រូវចេះជួយជំរុញគ្នាឱ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀត ពិសេសអ្នកផលិតត្រូវគិតគូរពីគុណភាព និងមិនត្រូវលក់ដំឡើងថ្លៃជាដើម។
វិស័យសេដ្ឋកិច្ច
ដោយ

ជាមួយគ្នានេះ អ្នកតាមដានយល់ថា ភាគីពាក់ព័ន្ធគួរតែកាត់បន្ថយការនាំចូលទំនិញពីក្រៅស្រុក និងបង្កើតផែនការច្បាស់លាស់មួយ ដែលអាចឱ្យការផលិតតបតាមតម្រូវការក្នុងស្រុក។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កេតឃើញថា ចលនាខ្មែរនិយមចាប់ផ្ដើមផុសផុលឡើងខ្លាំងក្រោយកងទ័ពថៃ បានវាយចូលឈ្លានពានទឹកដីកម្ពុជា ទាំងកំរោល កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។ ការវាយចូលឈ្លានពានទាំងគឃ្លើនរបស់កងទ័ពថៃនេះ បានធ្វើឱ្យពលរដ្ឋខ្មែរភាគច្រើនធ្វើពហិការមិនប្រើផលិតផលថៃ ហើយងាកមកគាំទ្រផលិតផលខ្មែរ ដែលកត្តានេះបានបង្ហាញពីសញ្ញាវិជ្ជមានដ៏ល្អមួយសម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ។

អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីឱ្យស្មារតីជាតិរបស់ពលរដ្ឋខ្មែរដូចបច្ចុប្បន្នអាចរក្សាបានភាពយូរអង្វែង ពលរដ្ឋខ្មែរត្រូវជួយផ្សព្វផ្សាយ និងជំរុញឱ្យពលរដ្ឋខ្មែរគ្នាឯងងាកមកជួយគាំទ្រផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះ ក្រុមហ៊ុន រោងចក្រ និងសហគ្រាសត្រូវផលិតដោយផ្ដោតលើគុណភាពជាចាំបាច់ ជៀសវាងប្រើប្រាស់សារធាតុគីមី និងការលក់ដំឡើងថ្លៃជាដើម។

​ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា នៅពេលពលរដ្ឋខ្មែរចាប់ផ្ដើមគាំទ្រផលិតផលខ្មែរ ក្រោយពួកគេចាប់ផ្ដើមមានទស្សនយល់ថា វាបង្កប់នូវគុណប្រយោជន៍ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ កត្តានេះបានហុចឱកាសដ៏ល្អមួយសម្រាប់អ្នកផលិតក្នុងស្រុក ដើម្បីអាចអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មឱ្យក្លាយជាសសៃរឈាមសេដ្ឋកិច្ច។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើក្នុងកាលៈទេសៈនេះ ក្រុមហ៊ុន សហគ្រាសក្នុងស្រុក មិនអាចបង្កើតចរន្តផលិតកម្មបានទេ នោះនៅពេលសភាពការណ៍ព្រំដែនត្រឡប់មកដូចដើមវិញ វាអាចនឹងរុញច្រានឱកាសដ៏ល្អនេះចេញជាក់ជាមិនខាន។ លោកបណ្ឌិតបានបន្ថែមថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានតួរនាទីសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាបង្កើតឱ្យមានផែនការច្បាស់លាស់ សម្រាប់បង្កើនទិន្នផលរបស់កសិករ ដើម្បីអាចឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងឈានដល់ការកាត់បន្ថយការនាំចូលផលិតកម្មកសិកម្មពីក្រៅស្រុក។

​ស្រដៀងគ្នានេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មីយល់ឃើញថា នៅមួយរយៈពេលសង្គ្រាមជាមួយថៃនេះ ប្រជាពលរដ្ឋបានបង្ហាញស្មារតីជាតិនិយម និងស្នេហាជាតិទឹកដី ដោយបាននាំគ្នាមកគាំទ្រផលិតផលបង្កើតឡើងដោយខ្មែរយ៉ាងច្រើនផុសផុល ដែលបាននិងកំពុងជួយជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិតាមរយៈការជួញដូរផលិតផលក្នុងស្រុក។ បើតាមលោក មាជ សុវណ្ណារ៉ា ដើម្បីឱ្យខ្មែរបន្តមានស្មារតីស្រលាញ់ជាតិបានយូរអង្វែង រដ្ឋាភិបាលគួរយកចិត្តទុកដាក់ចំពោះបញ្ហាពលរដ្ឋ ហើយពលរដ្ឋត្រូវសិក្សាស្វែងយល់ពីតម្លៃនៃអត្តសញ្ញាណជាតិខ្មែរ ចូលរួមខ្វាយខ្វល់ពីសុខទុក្ខសង្គម និងប្រទេសជាតិ ក៏ដូចជាត្រូវចេះយកអាសាចំពោះគ្នាទៅវិញទៅមកផងដែរ។

​គួររំលឹកថា កាលពីពេលថ្មីៗ ប្រជាពលរដ្ឋខ្មែរបាននាំគ្នាបង្កើតចលនាធ្វើពហិការមិនប្រើប្រាស់ ឬគាំទ្ររាល់ផលិតផល និងទំនិញណាដែលមានប្រភពមកពីប្រទេសថៃ ដោយងាកមកគាំទ្រផលិតផលបង្កើតឡើងដោយខ្មែរយ៉ាងច្រើនផុសផុល ក្រោយពីយោធាថៃ បានបើកការវាយប្រហារចូលឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជា ជាមួយការប្រើអាវុធធុនធ្ងន់ និងអាវុធដែលច្បាប់អន្តរជាតិ ហាមឃាត់​យ៉ាងព្រៃផ្សៃ៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


តើអត្រាពន្ធ ១៩% អាចធ្វើឱ្យការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអាម៉េរិក មានការប្រែប្រួលយ៉ាងណាដែរ?

កម្ពុជា ទទួលបានការបញ្ចុះពន្ធគយបដិការពីសហរដ្ឋអាម៉េរិក ក្នុងអត្រា ១៩% ទាបជាងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ស្រីលង្ការ និងបង់ក្លាដែស តែស្មើជា…

អាជ្ញាធរក្រុងហាណូយនឹងលុបបំបាត់ផ្សារ និងកន្លែងលក់ទំនិញតាមចិញ្ចើមផ្លូវឱ្យអស់ ដើម្បីរក្សាសោភណភាពទីក្រុង

នៅប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរក្រុងហាណូយ បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសោភណភាពរបស់រដ្ឋធានីដ៏ធំបំផុតរបស់ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ