អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន”


អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បាន រៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន” ដោយមានការចូលរួមពីតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន សរុបប្រមាណ១២០រូប។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពី “ការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ន”
ដោយ

សិក្ខាសាលានេះបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គ-លេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក- រដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អម ដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ.។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រុមការងារ​កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន សរុបប្រមាណ១២០ រូប។ ការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័នត្រូវបានរៀបចំឡើង ស្របតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ក្នុងនោះមានគោល-បំណងគន្លឹះៗ ដូចតទៅ៖

ទី១-ដើម្បីកំណត់បាននូវភាពខ្លាំង និងភាពខ្សោយជារួមនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាធៀបនឹងក្របខ័ណ្ឌ​ដែលជាឧត្តមានុវត្តន៍អន្តរជាតិ​។

ទី២-ដើម្បីពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់ក្រសួង ស្ថាប័ន ដែល​ជា​ស្ថាប័នអនុវត្ត​ថវិកា​​អាចពង្រឹងសមត្ថភាពជាបណ្តើរៗលើយន្តការវាយតម្លៃ និងអាចកំណត់បាននូវ៖ (១). ស្ថានភាព​​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​របស់​ក្រសួង​ ស្ថាប័នសាមី; និង (២). លំដាប់​អាទិភាព​ និង ​ភាព​ប្រ​ទាក់​ក្រឡាគ្នា​ នៃ​ការកែទម្រង់​ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុ​​សាធារណៈ។

ពិតណាស់, ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ននេះ គឺរួមបញ្ចូលនូវរបាយការណ៍សមិទ្ធកម្ម ឬលទ្ធផល ដែលផ្តល់នូវទិដ្ឋ​ភាពទូទៅ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង​ការវាស់វែងផ្អែកលើ ភស្តុតាងដោយប្រៀបធៀបនឹងលក្ខខណ្ឌវិនិច្ឆ័យ នៃសូចនាករសមិទ្ធកម្មចំនួន ២៤ និងសមាសធាតុចំនួន ៥៥ ក្នុងសសរស្តម្ភទាំង៧។ លទ្ធផល នៃការវាយតម្លៃតាមរយៈការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃនេះ នឹងឆ្លុះបញ្ចាំងនូវកម្មវិបាកសម្រាប់ រួមចំណែកដល់ការអនុវត្តប្រព័ន្ធទាំងមូល និងសម្រេចបានលទ្ធផលចុងក្រោយ នៃថវិកា ទាំង៣ ជាអាទិ៍ រួមមាន៖ ទី១- បូរណភាព នៃការគោរពវិន័យហិរញ្ញវត្ថុសាធារណៈ, ទី២- ប្រសិទ្ធភាព នៃថវិកា ទាំងក្នុងផ្នែកវិភាជន៍ និង, ទាំងក្នុងផ្នែកប្រតិបត្តិការ និង ទី៣- ស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ។

ជាក់ស្តែង, កាលពីអំឡុងឆ្នាំ២០២៤ - ឆ្នាំ២០២៥ កន្លងទៅនេះ គ.ហ.ស. បានជ្រើរើសក្រសួងចំនួន ៦ ដើម្បីធ្វើការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរួមមាន៖ (១) ក្រសួងអប់រំ យុវជន និងកីឡា និង(២) ក្រសួងសុខាភិបាល, (៣) ក្រសួងសាធារណការនិងដឹកជញ្ជូន, (៤) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, (៥) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និង (៦) ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ។ សម្រាប់ឆ្នាំ២០២៦នេះ, គ.ហ.ស. សម្រេចបន្ថែមក្រសួងចំនួន៦ ដើម្បីចូលរួមការវាយតម្លៃនេះ រួមមាន៖ (១) ក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, (២) ក្រសួងពាណិជ្ជកម្ម, (៣) ក្រសួងទេសចរណ៍, (៤) ក្រសួងបរិស្ថាន, (៥) ក្រសួងអភិវឌ្ឍន៍ជនបទ, និង (៦)ក្រសួងរ៉ែ និងថាមពល។

ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា ស​មិទ្ធផលនៃការកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ រយៈពេល ២ ទស្សវត្សកន្លងមកនេះ គឺបានផ្តល់នូវភាព​ប្រសើរឡើងយ៉ាងច្រើននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គ.ហ.ស. បានអនុវត្តតាមអភិក្រម “ខឿន” ដោយ​ បែងចែកជាខឿនចំនួន៤ ក្នុងនោះរួមមាន ខឿនទី១ “ភាពជឿ​ទុក​ចិត្ត​នៃថវិកា” ខឿនទី២ “គណនេយ្យភាពហិរញ្ញវត្ថុ” ខឿនទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” និងខឿន​ទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។ ជារួម, គ.ហ.ស. គឺនៅតែប្តេជ្ញាយ៉ាងមុតមាំដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ក្នុងការ កសាងនូវភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ច, និង សមធម៌សង្គម។




អត្ថបទបន្ទាប់


More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ