
អង្គការប្រឆាំងការឆបោកជាសកល ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ បានបញ្ចេញរបាយការណ៍គួរឱ្យភ្ញាក់ផ្អើលថា ប្រទេសសិង្ហបុរី បានជាប់កំពូលតារាងប្រចាំអាស៊ីអាគ្នេយ៍ ដែលមានពលរដ្ឋចាញ់បោកលុយច្រើនជាងគេ ខណៈម៉ាឡេស៊ី ជាប់លេខ២ ហើយថៃ ជាប់ចំណាត់ថ្នាក់លេខ៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។ របាយការណ៍ដដែលបានបង្ហាញទៀតថា នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្រុមជនឆបោកធ្វើសកម្មភាពឆបោកលុយពីជនរងគ្រោះបានសរុបរហូតដល់ទៅ២៣,៦ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ដោយជាមធ្យមមនុស្សពេញវ័យម្នាក់ចាញ់បោកគេ៦៦០ដុល្លារអាម៉េរិក។
របាយការណ៍នេះ ត្រូវបានចងក្រងឡើងតាមរយៈការស្ទង់មតិមនុស្សចំនួន៦ពាន់នាក់នៅក្នុងប្រទេសចំនួន៦ រួមមាន ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងហ្វីលីពីន។ គ្រាន់តែនៅក្នុងប្រទេសសិង្ហបុរី ជនរងគ្រោះបានចាញ់បោកលុយរហូតដល់ទៅ៨៦១លានដុល្លារអាម៉េរិកឯណោះក្នុងឆ្នាំ២០២៤ មានការកើនឡើងរហូតដល់ទៅ៧០% បើធៀបនឹងឆ្នាំ២០២៣។ ការបោកប្រាស់ ដែលមានការពេញនិយមបំផុត គឺធ្វើឡើងក្រោមរូបភាពវិនិយោគ ការផ្ដល់ឱកាសការងារ និងការឆបោកតាមប្រព័ន្ធអនឡាញ។ ជាការកត់សម្គាល់ ការចាញ់បោកបានធ្លាក់ចុះនៅឆ្នាំ២០២៥ នេះ ដោយចំនួនករណី និងទំហំនៃការចាញ់បោកបានធ្លាក់ចុះនៅឆមាសទី១ ដើមឆ្នាំនេះ។
សូមបញ្ជាក់ថា ការឆបោកដែលពេញនិយមបំផុត គឺធ្វើឡើងក្រោមរូបភាពវិនិយោគដែលមានរហូតដល់ទៅ៦៣% ការប្រកាសផ្ដល់រង្វាន់ ឬប្រកាសឈ្នះឆ្នោតដែលមានរហូតដល់៥៨% ការទិញទំនិញមានរហូតដល់ទៅ៥៧% និងការបោកប្រាស់តាមរយៈការផ្ដល់ឱកាសការងារ មានរហូតដល់៥០%៕
ដោយ: តែម សុខុម