វិស័យស្រូវអង្ករ

សហព័ន្ធស្រូវអង្ករ៖ រោងម៉ាស៊ីនកិនស្រូវមិនអាចទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិ នោះទេ ដ្បិតអាចធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យបំណុល


កាលពីកន្លងទៅថ្មីៗរដ្ឋាភិបាលកម្ពុជា បានទម្លាក់កញ្ចប់ថវិកា៤០លានដុល្លារជួយអន្តរាគមន៍ទីផ្សារស្រូវដល់កសិករ ដែលជួបបញ្ហាស្រូវធ្លាក់ថ្លៃ និងខ្វះឈ្មួញជួយប្រមូលទិញ ក្នុងគោលបំណងជួយរក្សាលំនឹងស្ថិរភាពថ្លៃស្រូវនៅកម្ពុជា។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បច្ចុប្បន្នរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបានជួយប្រមូលទិញស្រូវពីកសិករក្នុងរង្វង់៣ម៉ឺនតោនទៅដល់៤ម៉ឺនតោនក្នុង១ថ្ងៃ ខណៈមកទល់ពេលនេះរោងម៉ាស៊ីនកិនស្រូវប្រមូលទិញស្រូវពីកសិករបានប្រមាន៣៥ម៉ឺនតោនហើយតាមរយៈមូលនិធិខាងលើ។
វិស័យស្រូវអង្ករ
ដោយ

សម្រាប់សហព័ន្ធស្រូវអង្ករកម្ពុជា រោងម៉ាស៊ីនកិនស្រូវមិនអាចទិញស្រូវពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិ នោះទេ ដ្បិតអាចធ្វើឱ្យពួកគេប្រឈមនឹងការខាត និងហានិភ័យបំណុល។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ននេះរោងម៉ាស៊ីនកិនស្រូវកំពុងប្រមូលទិញស្រូវពីកសិករទៅតាមសមត្ថភាពរៀងៗខ្លួន ខណៈទិន្នផលស្រូវ ក៏កំពុងជិតដល់រដូវចុងដៃ ដែលកសិករលែងមានស្រូវច្រូតបន្តទៀតផងដែរ ជាពិសេសស្រូវផ្ការំដួល។ បើតាមលោក លន់ យ៉េង រោងម៉ាស៊ីនកិនស្រូវក្នុង១ថ្ងៃបានជួយប្រមូលទិញស្រូវពីកសិករបានក្នុងរង្វង់៣ម៉ឺនតោនទៅ៤ម៉ឺនតោន។ តែយ៉ាងណាការប្រមូលទិញស្រូវពីកសិករនេះ គឺអាស្រ័យទៅលើទីផ្សារអង្ករលើពិភពលោក និងគុណភាពស្រូវ ដោយម្ចាស់រោងម៉ាស៊ីនកិនស្រូវមិនអាចប្រមូលទិញលើសពីតម្លៃទីផ្សារអន្តរជាតិ បាននោះទេ ព្រោះអាចប្រឈមការខាត និងជាប់បំណុលធនាគារបន្ថែមទៀត។

​ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា តាំងពីរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា៤០លានដុល្លាររហូតមកទល់ពេលនេះ រោងម៉ាស៊ីនកិនស្រូវចំនួន៣៨ បានជួយប្រមូលទិញស្រូវពីកសិករបានចំនួន៣៥ម៉ឺនតោនហើយ និងកំពុងជួយប្រមូលទិញបន្ថែមទៀត ដើម្បីជួយឲ្យកសិករមានទីផ្សារលក់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា ក្រោយមានការជួយប្រមូលទិញស្រូវពីរោងម៉ាស៊ីនកិនស្រូវ បានធ្វើឱ្យតម្លៃស្រូវហាក់មានស្ថិរភាពល្អ ជាពិសេសស្រូវផ្ការំដួល ដោយអាចលក់បានក្នុងតម្លៃជាមធ្យម១,០០០រៀលក្នុងមួយគីឡូក្រាម។

បើតាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ធ្លាប់បានលើកឡើងកាលពីកន្លងទៅថា សម្រាប់ទុន៤០លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ ដើម្បីជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ បានបញ្ចេញអស់ជាង២០លានដុល្លារហើយ សម្រាប់ប្រើប្រាស់ក្នុងការប្រមូលទិញស្រូវពីកសិករ។ ថវិកាទាំងនេះត្រូវបាន ARDB ផ្តល់ជាហិរញ្ញប្បទានដល់រោងម៉ាស៊ីនកិនស្រូវ ដែលជាដៃគូ ដើម្បីជួយប្រមូលទិញស្រូវពីកសិករក្នុងតម្លៃសមរម្យ ហើយនេះជាកិច្ចអន្តរាគមន៍លើកទី៣ហើយនៅក្នុងឆ្នាំ២០២៥ ដែលកន្លងមករដ្ឋាភិបាល ក៏ធ្លាប់បញ្ចេញថវិកាចំនួន៥០លានដុល្លាររួចមកហើយដែរ ដើម្បីបង្កើនកម្លាំងស្រូបទាញពីទីផ្សារ និងបញ្ចៀសការកកស្ទះការលក់ស្រូវរបស់កសិករនៅតាមទីវាល៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


លោក ត្រាំ ណែនាំឱ្យនាយករដ្ឋមន្ត្រីជប៉ុនថ្នមសម្ដីពេលនិយាយទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់

ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះការទូតរវាងចិន និងជប៉ុន ដែលកំពុងឡើងកម្តៅ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលកំពុងដុតដ…

តើកន្ទក់ និងចុងអង្ករមានទីផ្សារប្រែប្រួលបែបណាក្រោយស្រូវមានការធ្លាក់ថ្លៃ?

កន្ទក់ និងចុងអង្ករ ដែលជាវត្ថុធាតុដើមដ៏សំខាន់មួយសម្រាប់បម្រើឱ្យការផលិតចំណីសត្វ និងផលិតផលផ្សេងៗ ត្រូវបានរោងម៉ាស៊ីនកិនស្រូវផ្គត់ផ្គង់ឱ្យក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ