លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានវាយតម្លៃថា ទីផ្សារជ័រកៅស៊ូនៅកម្ពុជា នៅពេញមួយឆ្នាំ២០២៥ នៅតែរក្សាបានភាពរីកចម្រើន បើទោះបីស្ថានភាពសេដ្ឋកិច្ចសកលនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ ពោលគឺទាំងតម្លៃ និងទីផ្សារលក់សុទ្ធសឹងមានការកើនឡើងជាងឆ្នាំមុន តួយ៉ាងតម្លៃជ័រកៅស៊ូជាមធ្យមក្នុងឆ្នាំ២០២៥ អាចលក់បានក្នុងរង្វង់ប្រមាណ១ពាន់៨រយដុល្លារក្នុង១តោន កើនឡើងជាង១រយដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំមុន។
បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ការស្រូបទាញជ័រកៅស៊ូពីទីផ្សារក្នុងស្រុកបានកើនដល់ចន្លោះពី៣០ ទៅ៤០%នៃទិន្នផលសរុប និងរំពឹងកើនឡើងប្រមាណ១៥% បន្ថែមទៀតនៅឆ្នាំក្រោយ។ តែយ៉ាងណាកំណើននេះបានទាញទម្លាក់ការនាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ ឱ្យមានការធ្លាក់បន្តិចនៅឆ្នាំនេះ។ ទន្ទឹមនឹងតម្លៃ និងទីផ្សារមានភាពល្អប្រសើរ ការផលិតជ័រកៅស៊ូនៅកម្ពុជា នៅឆ្នាំនេះ បានរងការគំរាមកំហែងពីបញ្ហាអាកាសធាតុ និងកង្វះកម្លាំងពលកម្មសម្រាប់ដើរចៀរជ័រ ដែលធ្វើឱ្យការប្រមូលទិន្នផលជ័រកៅស៊ូមានការធ្លាក់ចុះមិនអាចឆ្លើយតម្រូវការបញ្ជាទិញ។
ជាមួយគ្នានេះ លោក ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា ការគ្រប់គ្រង ប្រមូលផល កែច្នៃ និងធុរកិច្ចនៅតាមបណ្ដាក្រុមហ៊ុនចម្ការកៅស៊ូ និងកៅស៊ូគ្រួសារមិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ គិតមកទល់ពេលនេះ ពោលគឺនៅដំណើរការជាធម្មតា។ តួយ៉ាងចំណូលពីការលក់កៅស៊ូសម្រាប់នាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកនៅរយៈពេល១១ខែឆ្នាំនេះ មានជាង៧៣៤លានដុល្លារ កើនឡើងជាង២៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូមានជាង៥២៦លានដុល្លារ ចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកមានជាង២០២លាន និងចំណូលពីការនាំចេញឈើកៅស៊ូជាង៥លានដុល្លារ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បរិមាណកៅស៊ូប្រើប្រាស់ក្នុងស្រុកនៅរយៈពេល១១ខែកន្លងមកនេះបានកើនដល់ជាង១១ម៉ឺនតោន ឬស្មើនឹងប្រមាណ១៣២% បើធៀបនឹងឆ្នាំមុន។
គួរជម្រាបថា គិតមកទល់ពេលនេះ កម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតាក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង៣៣ម៉ឺនហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួនជាង៩ម៉ឺន៥ពាន់ហិកតា ស្មើនឹង២២%។ ជាមួយគ្នានេះ ផ្ទៃដីកៅស៊ូវិនិយោគមានចំនួន៤ម៉ឺន៧ពាន់ហិកតា ស្មើនឹង១១% ផ្ទៃដីកៅស៊ូសម្បទានដីសេដ្ឋកិច្ចមានចំនួនជាង១៧ម៉ឺនហិកតា ស្មើនឹង៤១% និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២០ម៉ឺនហិកតា ស្មើនឹង៤៨%៕