វិស័យ SME

តើវិស័យ SME បានចូលរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ហើយអ្វីដែលនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ?


រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) គឺជាវិស័យអាទិភាពមួយ ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ អ្នកជំនាញបានអះអាងថា ទោះបីជាវិស័យដ៏សំខាន់នេះទទួលបានការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាលយ៉ាងណាក្តី តែវិស័យនេះនៅតែបន្តជួបនូវបញ្ហាប្រឈមមួយចំនួន ខណៈអ្នកនៅក្នុងវិស័យនេះមួយចំនួន ក៏នៅតែបន្តស្ថិតនៅក្រៅប្រព័ន្ធ ដែលធ្វើឱ្យសមត្ថភាពនៃការផលិត និងការប្រកួតប្រជែងនៅមានកម្រិត។
វិស័យ SME
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ក្រៅពីការវិនិយោគពីបរទេស វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (SME) ជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច ខណៈរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយជំរុញការអភិវឌ្ឍន៍វិស័យនេះផងដែរ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញរូបនេះ សង្កេតឃើញថា វិស័យនេះនៅតែជួបបញ្ហាប្រឈមមួយចំនួនដូចជាការផលិតនៅមានកម្រិត ខ្វះដើមទុន និងជាពិសេសពួកគេភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ និងរាយប៉ាយ និងភាពប្រកួតប្រជែងពីខាងក្រៅ។ សម្រាប់ឧកញ៉ា ស៊ិន ចន្ធី ទន្ទឹមនឹងការពង្រឹងធនធានមនុស្សក្នុងវិស័យនេះឱ្យខ្លាំង ការប្រមូលផ្តុំគ្នា និងចូលក្នុងប្រព័ន្ធឱ្យបានត្រឹមត្រូវរបស់ SME គឺជាការពង្រឹងខ្លួនដ៏សំខាន់ ព្រោះវាងាយស្រួលក្នុងការទទួលបានឱកាសលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនឱ្យកាន់តែរីកចម្រើន។

​ជាមួយគ្នានេះ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី បានចាត់ទុកវិស័យ SME ជាកម្លាំងដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ពោលគឺប្រទេសណាដែលមានវិស័យ SME រីកចម្រើន សេដ្ឋកិច្ចរបស់ប្រទេសនោះក៏មានខ្លាំងដូចគ្នាដែរ។ បើតាមការអះអាងរបស់អ្នកជំនួញរូបនេះ គុណភាពផលិតផលរបស់ SME កម្ពុជា បច្ចុប្បន្ន គឺអាចប្រកួតប្រជែងលើទីផ្សារបានហើយ ប៉ុន្តែអ្វីដែលមិនទាន់អាចប្រកួតប្រជែងបាននោះ គឺតម្លៃ ព្រោះថ្លៃដើមផលិតនៅកម្ពុជា មានកម្រិតខ្ពស់ ដែលកត្តានេះធ្វើឱ្យ SME នៅកម្ពុជា ពិបាកក្នុងការពង្រីកខ្លួន។ សម្រាប់លោកជំទាវ កែវ មុំ ស្របពេលដែលកម្ពុជា-ថៃ កំពុងមានជម្លោះព្រំដែនជាមួយគ្នានឹងឈានដល់ការបិទព្រំដែនផងនោះ វាជាឱកាសមួយរបស់ SME កម្ពុជាក្នុងការពង្រឹង និងពង្រីកទីផ្សាររបស់ខ្លួន។

​យ៉ាងណាមិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅក្នុងសារលិខិតអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ថា សហគ្រាសធុនមីក្រូ តូច និងមធ្យមបានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់មុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានប្ដេជ្ញាគាំទ្រចំពោះ SME ដែលបានបន្តពុះពារ និងខិតខំកសាងអភិវឌ្ឍអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ទោះបីកំពុងស្ថិតក្នុងបរិការណ៍សេដ្ឋកិច្ចដែលមានការប្រឈមក៏ដោយ។

ជាមួយគ្នានេះ សម្តេចធិបតី អំពាវនាវដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមគ្រប់ប្រភេទ គ្រប់វិស័យ ខិតខំពង្រឹងសមត្ថភាព និងអភិបាលកិច្ចអាជីវកម្មរបស់ខ្លួន ដើម្បីឈានឆ្ពោះទៅរកអនុលោមភាពពេញលេញ និងអាចចាប់យកឱកាសពីវដ្តសេដ្ឋកិច្ចថ្មី ពោលគឺការផ្លាស់ប្តូរ​ឥរិយាបថ ផ្នត់គំនិត របៀបរបបការងារ អភិបាលកិច្ច ការពង្រឹងនិងលើកកម្ពស់គុណភាព សុវត្ថិភាព ស្តង់ដា អនាម័យ ការវិនិយោគបន្ថែមដើម្បីលើកកម្ពស់ផលិតភាពដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងទំនើបកម្មគ្រឿងម៉ាស៊ីន។ បើតាមសម្តេចធិបតី នៅក្នុងរយៈពេល៦ខែចុងក្រោយនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណជាង៧ម៉ឺនបានចុះឈ្មោះ ដើម្បីបានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍នានា៕




អត្ថបទបន្ទាប់


ធនាគារ ជីប ម៉ុង ចាប់ដៃគ្នាជាមួយក្រុមហ៊ុនស្រូវអង្ករធំមួយនៅកម្ពុជា ដើម្បីពង្រីកការផ្ដល់កម្ចីដល់សហគមន៍កសិករ

ធនាគារ ជីប ម៉ុង ដែលជាផ្នែកមួយនៃក្រុមហ៊ុនយក្ស ជីប ម៉ុង គ្រុប បាននឹងកំពុងពង្រីកប្រតិបត្តិការបន្ថែម ដើម្បីបោះដៃជួយលើកកម្ពស់វិស័យកសិកម្ម ពិ…

តើការទូទាត់ និងផ្ទេរប្រាក់រវាងកម្ពុជា និងថៃ មានស្ថានភាពបែបណា ក្រោយប្រទេសទាំងពីរពាក់មុខយក្សដាក់គ្នារឿងជម្លោះព្រំដែន?

កម្សួលនៃកម្តៅ ដែលកើតចេញពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃអស់រយៈពេលជាង២០ថ្ងៃមកនេះ បានបង្កផលប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើន ជាពិសេសវិស័យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ