
នៅត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចពិភពលោកបាននិងកំពុងធ្លាក់ចុះ ដោយក្នុងនោះសហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកបានប្រឈមមុខនឹងឱនភាពសេដ្ឋកិច្ច ដែលនាំឲ្យអ្នកវិភាគកាន់តែមានទស្សនទុទ្ទិដ្ឋិនិយមចំពោះគោលនយោបាយពន្ធបដិការ ដែលដាក់ចេញដោយលោក ដូណាល់ ត្រាំ។ កំណើនសេដ្ឋកិច្ចអាម៉េរិក នៅត្រីមាសទី១ឆ្នាំនេះ ប្រែជាអវិជ្ជមាន ដោយសារការដាក់ពន្ធរបស់លោក ត្រាំ បានជំរុញឱ្យតម្លៃទំនិញហក់ឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ។
សម្រាប់ប្រទេសជប៉ុន ឯណោះវិញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះមកនៅត្រឹម០,៧% ដែលជាកំណើនទាបបំផុតនៅ ៤ត្រីមាសចុងក្រោយ។ ស្ថិតក្នុងស្ថានភាពនេះ លោក រីយូស៊ីអ៊ី អាកាហ្សាវ៉ា (Ryosei Akazawa) រដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ច និងសារពើពន្ធរបស់ប្រទេសជប៉ុន បាននិយាយថា ការចំណាយលើម្ហូបអាហារកំពុងធ្លាក់ចុះ ចំពេលអតិផរណាបន្តកើនឡើង។ លោករដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុន បានអះអាងថា អំណាច និងកម្លាំងនៃការបញ្ជាទិញរបស់អតិថិជនកំពុងប្រឈមមុខនឹងការចុះខ្សោយ។ ដោយឡែកប្រទេសអាល្លឺម៉ង់ ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប ក៏កំពុងតស៊ូជាមួយនឹងការព្រួយបារម្ភអំពីការស្រុតចុះនៃសេដ្ឋកិច្ចរបស់ខ្លួនផងដែរ៕
ដោយៈ សរ សុជាតិ