លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកភាពមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ចសកលនាពេលនេះ គឺជាពេលវេលាដ៏លំបាកមួយសម្រាប់ពលរដ្ឋដែលកំពុងជាប់បំណុលជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះ ណែនាំឱ្យពលរដ្ឋគួរមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឱ្យបានដិតដល់លើប្រាក់ចំណូល និងចំណាយប្រចាំខែរបស់ខ្លួន និងចៀសវាងការពង្រីកឥណទានបន្ថែម ដែលលើសពីសមត្ថភាពសង ដ្បិតបញ្ហាប្រឈមសកលបានបន្តកើតមានឡើងជាហូរហែរ ជាពិសេសឥទ្ធិពល នៃសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលកំពុងបន្តអូសបន្លាយ និងគំរាមកំហែងដល់កំណើនអតិផរណាសកល។
ជាមួយគ្នានេះ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) យល់ឃើញថា នៅក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកលនេះ ការបង្កើនឥណទានបន្ថែមសម្រាប់ប្រើប្រាស់ទៅលើគោលដៅដែលមិនផ្តល់ផលចំណេញហិរញ្ញវត្ថុត្រឡប់មកវិញ ពលរដ្ឋគួរតែពិចារណាឱ្យបានខ្ពស់ជាមុនសិន។ តែយ៉ាងណាលោកជឿជាក់ថា មុននឹងបង្កើនឥណទានបន្ថែម ពលរដ្ឋ ឬម្ចាស់អាជីវកម្មតែងតែគិតគូរថ្លឹងថ្លែងយ៉ាងច្បាស់លាស់ ដើម្បីចៀសវាងហានិភ័យ។
ដោយឡែក លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមានការប្រែប្រួលក្តី តែឥណទាននៅតែជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយសម្រាប់គាំទ្រដល់តម្រូវការរបស់អតិថិជន ក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញការរីកចម្រើនអាជីវកម្ម ប្រសិនបើការប្រើប្រាស់ឥណទានធ្វើឡើងដោយការយល់ដឹង និងការទទួលខុសត្រូវ។ អ្នកជំនាញរូបនេះបានផ្តល់ជាគំនិតថា មុនខ្ចីឥណទានពលរដ្ឋគួរតែពិនិត្យវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងគោលបំណង នៃការខ្ចីឱ្យបានច្បាស់លាស់ ដូចជាការវិនិយោគក្នុងអាជីវកម្ម ការខ្ចីដើម្បីបង្កើនផលិតភាព ឬការកែលម្អជីវភាពរស់នៅ ដែលអាចជួយបង្កើតតម្លៃ និងស្ថិរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង និងចៀសវាងការខ្ចីឥណទានដោយគ្មានគោលដៅ ឬសម្រាប់ការចំណាយដែលមិនចាំបាច់ និងលើសសមត្ថភាពសង។
ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រូបនេះ បានគូសបញ្ជាក់ថា ក្នុងករណីអតិថិជនមានការលំបាកណាមួយក្នុងការបង់សង សូមកុំស្ទាក់ស្ទើរទាក់ទងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សារកដំណោះស្រាយសមស្របទៅតាមលទ្ធភាពជាក់ស្តែង។ លោកសុខ វឿន បានសង្កត់ធ្ងន់ថា ពលរដ្ឋគួរចៀសវាងការខ្ចីប្រាក់ពីម្ចាស់កម្ចីមួយទៅបង់សងម្ចាស់កម្ចីផ្សេងទៀត ឬការខ្ចីប្រាក់ពីម្ចាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ខ្លាំង ដែលអាចបង្កហានិភ័យដល់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ សរុបមកក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនច្បាស់លាស់ ការបង្កើនឥណទានថ្មីមិនមែនជារឿងហាមឃាត់ឡើយ ប៉ុន្តែវាទាមទារនូវការគណនាឱ្យបានល្អិតល្អន់ជាងពេលណាៗទាំងអស់៕