ប៉ុន្ដែ ជារឿងមួយគួរឱ្យហូសចិត្ត ដែលកាលពីថ្ងៃទី ៩ ខែវិច្ឆិកា ម្សិលមិញនេះ អនុរដ្ឋមន្ត្រីការពារជាតិរបស់ថៃម្នាក់ បានចេញមកនិយាយដោយមិនសមហេតុផលថា “មានយោធិនខ្លះ នៅក្នុងចំណោមយោធិនទាំង១៨នាក់ ដែលបានចាប់ខ្លួននោះ មិនចង់វិលត្រឡប់មកកម្ពុជាវិញឡើយ ព្រោះថា ពួកគេសប្បាយរីករាយនៅក្នុងទឹកដីនៃប្រទេសថៃ”។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ថៃរូបនេះ សូម្បីតែកូនក្មេងក៏ស្ដាប់ទៅហាក់អស់សំណើចដែរ ព្រោះ ជាធម្មតាមនុស្ស ដែលត្រូវគេចាប់ឃុំឃាំង ពង្រាត់ចេញឆ្ងាយពី ឪពុកម្ដាយ, បងប្អូន, ប្រពន្ធកូន រមែងសញ្ជឹងគិតគ្រប់វិនាទី ដើម្បីបានវិលត្រឡប់មកជួបជុំគ្នាវិញ។ ប៉ុន្ដែ ហេតុអ្វី ក៏អនុរដ្ឋមន្ត្រីការពារជាតិថៃ Adul Boonthamcharoen ដែលជាអ្នកកាន់ការធំក្នុងជួររាជរដ្ឋាភិបាល បែរជានិយាយឡើង រាក់កំផែលយ៉ាងដូច្នេះ?
សម្ដីរបស់អនុរដ្ឋមន្ត្រីការពារជាតិថៃនេះ ទំនងជាប្រើប្រាស់បានដើម្បីបោកបញ្ឆោតជនជាតិថៃខ្លួនឯងឱ្យជឿលើនយោបាយ ដែលគ្មានគោលដៅរបស់ខ្លួនតែប៉ុណ្ណោះ ហើយវាក៏ឆ្លុះបញ្ចាំងឱ្យឃើញពីភាពទាល់ច្រក នៃក្រឡាការទូតរបស់ប្រទេសថៃ ដែលចង់ឬមិនចង់ ទីក្រុងបាងកក នឹងត្រូវតែដោះលែងយោធិនទាំង ១៨នាក់ ស្ថិតក្រោមក្រសែភ្នែក និងការចង្អុលមុខឥតដាក់ ពីអន្តរជាតិ។
យោងតាមកាសែតក្នុងស្រុកថៃ បានផ្សាយថ្មីៗនេះថា ការដោះលែងយោធិនកម្ពុជាទាំង ១៨នាក់ អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែវិច្ឆិកា ពោលគឺពុធសប្ដាហ៍នេះ ខណៈយោធាថៃ ទោះបីជា យោធាថៃនៅតែបន្ដគោលជំហរតឹងរ៉ឹងថា ដំណើរការដោះលែងនេះ នឹងត្រូវបានវាយតម្លៃរួមគ្នាដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) រួមជាមួយនឹងរដ្ឋាភិបាលថៃ និងកម្ពុជាក្ដី។ ប្រទេសថៃ ទាមទារឱ្យកម្ពុជាបានអនុវត្តបានបំពេញបានពេញលេញនូវលក្ខខណ្ឌចំនួន៤ រួមមាន៖ ការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន, ការសម្អាតមីននៅតាមតំបន់ព្រំដែន, ការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញតាមព្រំដែន និងការគ្រប់គ្រងតំបន់ព្រំដែន។
ទោះយ៉ាងណា សហរដ្ឋអាម៉េរិក ក្រោមការចង្អុលបង្ហាញពីរដ្ឋបាលលោក ដូណាល់ ត្រាំ ដែលជាសាក្សី នៃការចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ បានទទូចឱ្យទីក្រុងបាងកក ត្រូវដោះលែងយោធិនកម្ពុជាទាំង ១៨នាក់ ឱ្យបានឆាប់បំផុត ពោលគឺសហរដ្ឋអាម៉េរិកចង់ឱ្យមានការដោះលែងនេះ ភ្លាមៗក្រោយមានការចុះហត្ថលេខាម្ល៉េះ។