វិស័យទេសចរណ៍

ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត កើតឡើងចំថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ


ព្រឹត្តិការណ៍ដ៏អស្ចារ្យសមរាត្រី ឬថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ដែលបានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ឱ្យមកទស្សនាជារៀងរាល់ឆ្នាំ នឹងកើតឡើងនៅចំថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ ចន្លោះពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥។ កត្តានេះបានធ្វើឱ្យអ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករទៅកម្សាន្តនៅខេត្តសៀមរាប ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។
ព្រឹត្តិការណ៍ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត កើតឡើងចំថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ
ដោយ

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំនាព្រឹត្តិការណ៍សមរាត្រី ដែលកើតមាន២ដងក្នុង១ឆ្នាំនេះ ខេត្តសៀមរាប តែងតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករជាងថ្ងៃធម្មតា។ យ៉ាងណាមិញសម្រាប់ព្រឹត្តិការណ៍សមរាត្រី នៅថ្ងៃទី២១-២៣ ខែកញ្ញា ខាងមុខនេះ លោកជឿជាក់ថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កាន់តែច្រើនជាងឆ្នាំមុនៗទៅកម្សាន្តនៅខេត្តសៀមរាប ដោយសារព្រឹត្តិការណ៍សមរាត្រីនៅឆ្នាំនេះប៉ះចំថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានពេលវេលាជួបជុំ និងចេញដើរលេងកម្សាន្តច្រើន។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកព្រឹត្តិការណ៍សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងការទាក់ទាញ់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្តនៅក្នុងខេត្តសៀមរាប ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ ដែលកើតចេញពីភាពអស្ចារ្យ នៃស្ថាបត្យកម្មរបស់ដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យតាំងពីបុរាណកាលមកមួយនេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី កើតឡើង២ដងក្នុង១ឆ្នាំ ដោយលើកទី១ គឺសមរាត្រីរដូវ​ប្រាំង ដែលកើតឡើងចន្លោះពីថ្ងៃទី២១-២៣ ខែមីនា និងលើកទី២ គឺសមរាត្រីរដូវវស្សា ដែលអាចកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។ ព្រឹត្តិការណ៍សមរាត្រី គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដែលព្រះអាទិត្យនឹងចាប់ផ្តើមរះនៅពេលព្រឹកព្រលឹមស្រាងៗចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ នៅក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានជាង៨ម៉ឺននាក់៕




អត្ថបទបន្ទាប់


មន្ត្រីវាយតម្លៃថា ការបញ្ចេញឡានក្រុងដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌអាចជួយសន្សំលុយពលរដ្ឋបានជាង១លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យសាលារាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងចំនួន៥៩៧គ្រឿង ដើម្បីដឹកពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ…

ហេតុអ្វីប្រទេសមហាអំណាចធំៗប្រជែងគ្នាដណ្តើមក្តោបក្តាប់ទីផ្សាររ៉ែកម្រ?

រ៉ែកម្ររួមមានដូចជា រ៉ែលីចូម រ៉ែកូបាល់, រ៉ែនីគែល, រ៉ែទង់ដែង និងរ៉ែកម្រផ្សេងៗទៀត កំពុងត្រូវបានបណ្ដាប្រទេសមហាអំណាចពិភពលោកតាមប្រមាញ់រុក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ