សមាគមវិស្វករសំណង់ថៃ (TSEA) ជំរុញឱ្យរដ្ឋាភិបាលថៃ ផ្អាកគម្រោងសាងសង់ធំៗជាបន្ទាន់ ដើម្បីត្រួតពិនិត្យវិធានការសុវត្ថិភាព ក្រោយកើតមានឧប្បត្តិហេតុបាក់ដងស្ទូចផ្ទួនៗគ្នាបណ្ដាលឱ្យមនុស្សស្លាប់រាប់សិបនាក់។ សាស្ត្រាចារ្យបណ្ឌិត អាម៉ន ភីម៉ាន់ម៉ាស (Amorn Pimanmas) ប្រធានសមាគមវិស្វករសំណង់ថៃ បាននិយាយថា ការដួលរលំដងស្ទូចនៅខេត្តនគររាជសីមា ប្រទេសថៃ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ និងការដួលរលំដងស្ទូចនៅលើផ្លូវហាយវេ រាមាទី២ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានបង្ហាញពីការមានបញ្ហាសុវត្ថិភាពធ្ងន់ធ្ងរនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទូទាំងប្រទេសថៃ។ លោកបាននិយាយថា ឧប្បត្តិហេតុទាំងពីរនេះបានបង្ហាញពីការគ្រប់គ្រងសុវត្ថិភាពមិនបានល្អ។
លោក អាម៉ន ភីម៉ាន់ម៉ាស (Amorn Pimanmas) ប្រធានសមាគមវិស្វករសំណង់ថៃ (TSEA) បានអំពាវនាវឱ្យរដ្ឋាភិបាលថៃ ផ្អាកជាបន្ទាន់នូវគម្រោងធំៗនានានៅជិតតំបន់សាធារណៈ ហើយទន្ទឹមនេះត្រូវត្រួតពិនិត្យស្តង់ដាសុវត្ថិភាពឡើងវិញ និងពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា។ ទន្ទឹមនេះ លោក ក៏បានជំរុញឱ្យរដ្ឋាភិបាលថៃ បង្កើតគណៈកម្មាធិការឯករាជ្យមួយ ដើម្បីស៊ើបអង្កេតគ្រោះថ្នាក់ដួលរលំដងស្ទូចទាំងពីរករណីនេះ និងចាប់អ្នកទទួលខុសត្រូវ ហើយធ្វើវិសោធនកម្មច្បាប់ ដើម្បីគ្រប់គ្រងការងារសំណង់ធំៗឱ្យកាន់តែប្រសើរឡើង។
ចំពោះគ្រោះថ្នាក់ដួលរលំដងស្ទូចនៅលើផ្លូវហាយវេ រាមាទី២ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ លោក អាម៉ន ភីម៉ាន់ម៉ាស ប្រធានសមាគមវិស្វករសំណង់ថៃ បាននិយាយថា ដងស្ទូចបានដួលរលំជារាងអក្សរ V ដែលបង្ហាញថា គ្រោងដែកនៃដងស្ទូចនោះមានគុណភាពអន់ដែលមិនអាចទ្រទម្ងន់រួច។
គ្រោះថ្នាក់ផ្លូវលើហាយវេ រាមាទី២ បានកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំនេះអំឡុងពេលសាងសង់ផ្លូវហាយវេ អាកាស M82។ ដងស្ទូចបានបាក់នៅចំកណ្តាល ហើយបានធ្លាក់ រួមជាមួយបេតុងសង្កត់លើយន្តពីរគ្រឿង បណ្តាលឲ្យមនុស្សពីរនាក់បាត់បង់ជីវិត។ ចំណែកករណីដួលរលំដងស្ទូចកាលពីថ្ងៃពុធ ទី១៤ ខែមករា បានសង្កត់លើរថភ្លើងដឹកអ្នកដំណើរដែលកំពុងរត់ ដោយបណ្ដាលឱ្យរថភ្លើងធ្លាក់ផ្លូវ ផ្ដាច់ជីវិតមនុស្សយ៉ាងតិច៣២នាក់ ហើយរបួសរាប់សិបនាក់ផ្សេងទៀត៕
ដោយ: តែម សុខុម