
'នាយករដ្ឋមន្រ្តីថៃ លោក អានុទិន ឆានវីរៈគុល កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ បានប្រកាសដាក់ចេញវិធានការដ៏ក្តៅគគុក ដើម្បីបង្ក្រាប និងប្រឆាំងអ្នកបោកប្រាស់តាមអ៊ីនធឺណិត ហើយក៏បានគំរាមដកសញ្ជាតិពីជនបរទេសមានសញ្ជាតិថៃណា ដែលពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មនេះផងដែរ។ លោក អានុទិន ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងនោះ បានកោះប្រជុំ និងដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ហើយលោកបានចាត់ទុកការបោកប្រាស់តាមអ៊ីនធឺណិត ជាបញ្ហាឧក្រិដ្ឋកម្មសកល និងជាអាទិភាព ដែលថៃត្រូវតែបង្ក្រាប។
បើតាមការអះអាងរបស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរូបនេះ មកដល់ពេលនេះភ្នាក់ងារអនុវត្តច្បាប់ថៃ បានរឹបអូសទ្រព្យសម្បត្តិ និងកាត់ទោសជនល្មើសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញជាច្រើននាក់រួចហើយ ដោយបានប្រមូលធនធានមានតម្លៃរាប់ពាន់លានដុល្លារអាម៉េរិក។
ឆ្លើយតបនឹងពាក្យចចាមអារ៉ាមជុំវិញការលើកឡើងថា ក្រុមឧក្រិដ្ឋជនមួយចំនួនកំពុងស្ថិតនៅទីក្រុងបាងកក លោក អានុទិន បានអះអាងថា ពួកគេត្រូវបានបំបែកខ្ចាត់ខ្ចាយអស់ហើយ។ ហើយនៅពេលសួរជុំវិញវិធានការក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ លោក អានុទិន បានបញ្ជាក់ថា អាជ្ញាធរអាចបញ្ឈប់សេវាកម្មសាធារណៈ ការផ្គត់ផ្គង់អគ្គិសនី ឬសូម្បីតែប្រព័ន្ធអ៊ីនធឺណិត។
លោកបានបន្ថែមថា ក្នុងករណីសង្ស័យអាជ្ញាធរអាចមានសិទ្ធិក្នុងការផ្តាច់ថាមពល ឬអ៊ីនធឺណិត ប្រសិនបើប្រើប្រាស់នោះគាំទ្រដល់អំពើឧក្រិដ្ឋកម្មអនឡាញ ដោយមិនចាំបាច់រង់ចាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនោះទេ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីរូបនេះបានព្រមានថា អ្នកណាក៏ដោយឱ្យតែពាក់ព័ន្ធនឹងបទល្មើសមិនថាប្រជាពលរដ្ឋ ឬមន្ត្រីនយោបាយលោកនឹងចាត់វិធានការភ្លាមៗឱ្យតែមានភស្តុតាង។ លើសពីនេះ លោកក៏បានស្នើឱ្យបក្សប្រឆាំងថៃ បង្ហាញព័ត៌មានអ្នកនយោបាយទាំង៧នាក់ ដែលជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីលោកស្រាវជ្រាវ និងចាត់វិធានការ៕
ដោយៈ សរ សុជាតិ