
អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយថា តំណាងភាគីថៃ នឹងជូនដំណឹងដល់សមភាគីកម្ពុជានៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ នៅសប្តាហ៍នេះអំពីផែនការរបស់ភាគីថៃក្នុងការសាងសង់របងព្រំដែន។ លោក នី-កនដេច បាឡានគូរ៉ា (Nikorndej Balankura) អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បាននិយាយថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ ដែលធ្វើឡើងនៅខេត្តចាន់ថាប៊ូរី ប្រទេសថៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា នឹងមានរបៀបវារៈសំខាន់ៗចំនួនពីររួមមានកិច្ចពិភាក្សាអំពីបញ្ហាភូមិជោគជ័យ និងភូមិព្រៃចាន់ និងការជូនដំណឹងដល់ភាគីកម្ពុជាអំពីផែនការរបស់ថៃក្នុងការសាងសង់របងព្រំដែន។
តំណាងភាគីថៃ នឹងជូនដំណឹងដល់សមភាគីកម្ពុជាថា រដ្ឋាភិបាលថៃ មានបំណងសាងសង់របងព្រំដែនតាមខ្សែបន្ទាត់ត្រង់រវាងបង្គោលព្រំដែនពីរនៅក្នុងតំបន់ ដែលប្រទេសទាំងពីរទទួលស្គាល់ថា ជាដែនអធិបតេយ្យភាពរបស់ថៃ។ អ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះបានសង្កត់ធ្ងន់ថា ភាគីថៃ នឹងមិនបើកចំហសម្រាប់ការពិភាក្សាអំពីផែនការសាងសង់របងព្រំដែននោះឡើយ ពោលគឺគ្រាន់តែជូនដំណឹងដល់កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ សម្រាប់ការទទួលដឹងឮប៉ុណ្ណោះ។
ហើយចំពោះចំណុចដែលត្រូវលើកយកមកពិភាក្សា ភាគីថៃនឹងលើកបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលថៃចោទប្រកាន់ថា ពលរដ្ឋខ្មែរទន្ទ្រានចូលដីថៃ ក្នុងភូមិណង ចាន់ និងភូមិណង យ៉ាកែវ ក្នុងខេត្តស្រះកែវ។ លោកថា ភាគីថៃនឹងជំរុញឱ្យភាគីកម្ពុជា ដោះស្រាយបញ្ហានៅភូមិជោគជ័យ និងភូមិព្រៃចាន់ឱ្យបានឆាប់ និងចាត់វិធានការទប់ស្កាត់ការរំលោភបំពានចូលទឹកដីថៃបន្ថែមទៀតនៅថ្ងៃអនាគត។
កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ គឺជាយន្តការទ្វេភាគីដ៏សំខាន់រវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយបញ្ហាព្រំដែន។ តួនាទីចម្បង និងដែលមានលក្ខណៈបច្ចេកទេសបំផុតនៃគណៈកម្មការព្រំដែនចម្រុះនេះ គឺត្រួតពិនិត្យការស្ទង់មតិរួមគ្នា ការកំណត់ព្រំដែន និងការបោះបង្គោលព្រំដែននៅតាមព្រំដែនដីគោក ដោយផ្អែកលើសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ គណៈកម្មការនេះមានលក្ខណៈខុសប្លែកពីគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលដោះស្រាយបញ្ហាសន្តិសុខ យោធា និងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយនៅតាមព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយថា កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ
កម្ពុជា-ថៃនេះគឺមានសារៈសំខាន់ណាស់ ព្រោះវានឹងក្លាយជាមូលដ្ឋានសម្រាប់ការពិភាក្សានៅឯកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកក្រោយ។ កិច្ចប្រជុំនេះនឹងផ្តោតលើបញ្ហាសំខាន់ៗចំនួន៤រួមមានការដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន, ការបោសសម្អាតមីនដែលនៅសេសសល់, ការគ្រប់គ្រងស្ថានការណ៍ព្រំដែន និងការបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន៕
ដោយ: តែម សុខុម