អ្នកវិភាគបានវាយតម្លៃថា ប្រសិនបើចរន្តគាំទ្រនៅតែបន្តដូចបច្ចុប្បន្នរហូតដល់ការបោះឆ្នោត នោះគណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបច្ចុប្បន្ននេះអាចនឹងមានប្រៀបក្នុងការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាមមុខនេះ។ ភាពខ្លាំងរបស់ភូមិចៃថៃ គឺការក្ដោបក្ដាប់ឥទ្ធិពលនៅតាមបណ្ដាខេត្តតាមរយៈឥស្សរជននយោបាយដ៏មានឥទ្ធិពល ដែលមានអំណាចមូលដ្ឋានរឹងមាំ។ ដូច្នេះគួបផ្សំនឹងចលនាជាតិនិយម ដែលកំពុងរីកដុះដាលខ្លាំងក្នុងស្រទាប់មហាជនថៃ ផងនោះ នៅឆ្នាំនេះគណបក្សភូមិចៃថៃ អាចនឹងទទួលបានជ័យជម្នះលើសការបោះឆ្នោតលើកមុនៗ។
បើក្រឡេកទៅមើលគណបក្សភឿថៃវិញ អ្នកវិភាគបានលើកឡើងថា ស្ថិតក្រោមការដឹកនាំថ្មីរបស់លោក យត់ឆាណាន់ វង្សសាវ៉ាត់ ដែលជាកូនប្រុសអតីតនាយករដ្ឋមន្ត្រីថៃ លោក សមឆាយ វង្សសាវ៉ាត់ និងជាក្មួយប្រុសលោក ថាក់ស៊ីន ត្រូវបានគេមើលឃើញថា ពេលនេះគ្រប់យ៉ាងហាក់ចាប់ផ្ដើមមានស្ថិរភាពឡើងវិញ និងកំពុងព្យាយាមពង្រឹងមូលដ្ឋានអ្នកគាំទ្រប្រពៃណីរបស់ខ្លួន។ ទោះបីជាការធ្វើឱ្យមានស្ថិរភាពល្អប្រសើរឡើងវិញនេះត្រូវបានមើលឃើញថា ជាការបោះជំហានបណ្ដោះអាសន្នក៏ដោយ តែគោលដៅចម្បងរបស់ពួកគេគឺ រក្សាអាសនៈឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីក្លាយជាតួអង្គមិនអាចខ្វះបានក្នុងការចរចាបង្កើតរដ្ឋាភិបាលចម្រុះ។ ប្រសិនបើអាចសម្រេចបានលទ្ធផលដូច្នេះ វាអាចចាត់ទុកជាជោគជ័យមួយដ៏ធំធេងសម្រាប់គណបក្សនេះក៏ថាបាន។
ផ្ទុយពីការរំពឹងទុក គណបក្សប្រជាជន ដែលគេរំពឹងខ្ពស់ថានឹងអាចឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំនេះហាក់កំពុងស្ថិតក្នុងស្ថានភាពលំបាក។ អ្នកវិភាគមើលឃើញថា ឱកាសក្នុងការដឹកនាំរដ្ឋាភិបាលក៏ដូចជាចូលរួមបង្កើតរដ្ឋាភិបាលចម្រុះរបស់គណបក្សនេះមានភាគរយទាបណាស់ ដោយសារគោលនយោបាយ ដែលពួកគេបានដាក់ចេញមិនសូវទទួលបានជោគជ័យ និងទទួលបានការគាំទ្រខ្លាំងក្លាពីមហាជន។ បេក្ខភាពសំខាន់ៗដូចជាលោក ណាត់ថាផុង រឿងបញ្ញាវុធ ជាដើម នៅមិនទាន់អាចបង្ហាញភាពលេចធ្លោគ្រប់គ្រាន់ដើម្បីទាក់ទាញចិត្តអ្នកបោះឆ្នោតបាននៅឡើយទេ។ បញ្ហាប្រឈមធំបំផុតរបស់ពួកគេនៅពេលនេះ គឺការរក្សាអាសនៈ និងសំឡេងឆ្នោត១៤លានសន្លឹក ដែលធ្លាប់ទទួលបានកាលពីលើកមុនឱ្យនៅដដែល។
ចាប់ផ្តើមពីបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ពួកគេ ដែលដឹកនាំដោយប្រធានគណបក្សលោក ណាត់ថាផុង រឿងបញ្ញាវុធ, លោកស្រី ស៊ីរីកាន់យ៉ា តាន់សាគុល និងលោក វីរៈយុទ្ធ កាន់ជូឆាត នៅពេលបង្ហាញខ្លួន សំឡេងឆ្លើយតបមិនបានខ្លាំងក្លាដូចការរំពឹងទុកឡើយ អាចដោយសារតែក្នុងខ្សែភ្នែកប្រជាជនថៃ ពួកគេមិនទាន់លេចធ្លោគ្រប់គ្រាន់ បើធៀបជាមួយគណបក្សផ្សេងទៀត ឬសូម្បីតែជាមួយលោក យត់ឆាណាន់ របស់គណបក្សភឿថៃ ដែលផ្តោតលើគោលនយោបាយដែលស្របនឹងចិត្តប្រជាជន។
ដូច្នេះ ចំពោះគណបក្សមួយនេះ វាគ្មានន័យអ្វីឡើយក្នុងការពិភាក្សាអំពីសម្ទុះកើនឡើងរបស់ខ្លួន ឬក៏ថា អាចទទួលបានភាពខ្លាំងប៉ុនណានោះទេ គ្រាន់តែរក្សាចំនួនអាសនៈក្នុងសភាឱ្យនៅដដែល ជាមួយនឹងសំឡេងឆ្នោតចំនួន១៤លានសន្លឹក ដែលទទួលបានកាលពីការបោះឆ្នោតលើកចុងក្រោយនោះ ក៏ជាបញ្ហាប្រឈមដ៏សំខាន់មួយស្រេចទៅហើយសម្រាប់ការបោះឆ្នោតលើកនេះ៕
អត្ថបទៈ សួន ឡង់ទី