ភាពមិនច្បាស់លាស់ នៃសាលក្រមនេះ កំពុងបង្កើតជាមន្ទិលសង្ស័យថា តើរដ្ឋបាលលោក ត្រាំ នឹងត្រូវដោះស្រាយបែបណាចំពោះទឹកប្រាក់ដ៏មហាសាល ដែលតុលាការចាត់ទុកថា ប្រមូលបានដោយខុសច្បាប់នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន អេភី។
តុលាការកំពូលអាម៉េរិក បានលុបចោលការកំណត់ពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប៉ុន្តែបានបន្សល់ទុកនូវសំណួរ និងបន្ទិលដ៏ធំជុំវិញជោគវាសនា នៃចំណូលពន្ធចំនួន១៣៣ពាន់លានដុល្លារ ដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រមូលបានក្រោមយន្តការពន្ធបដិការកន្លងមក។ បច្ចុប្បន្នក្រុមហ៊ុននាំចូលជាច្រើនកំពុងតម្រង់ជួររង់ចាំចម្លើយពីរដ្ឋាភិបាលអំពីលទ្ធភាពនៃការទទួលបានប្រាក់សំណងរបស់ពួកគេត្រឡប់មកវិញ។
លោកស្រី ចូយ អាឌីទូទូ (Joyce Adetutu) មេធាវីជំនាញពាណិជ្ជកម្ម នៃក្រុមហ៊ុនច្បាប់ Vinson & Elkins បានលើកឡើងថា ទោះបីជាអ្នកបង់ពន្ធមានសិទ្ធិទទួលបានប្រាក់ត្រឡប់មកវិញ ក៏ដំណើរការនេះមិនងាយស្រួលឡើយ។ លោកស្រីបានពន្យល់ថា នីតិវិធីអាចនឹងអូសបន្លាយពេលយូរ ដោយត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនចាប់ពីទីភ្នាក់ងារគយ តុលាការពាណិជ្ជកម្មអន្តរជាតិ រហូតដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។
ដោយឡែក ក្រុមអ្នកច្បាប់មួយចំនួនទៀតយល់ឃើញថា ជម្រើសនៃការសងប្រាក់ពន្ធត្រឡប់មកវិញ គឺជាកិច្ចការដ៏ស្មុគស្មាញ និងរញ៉េរញ៉ៃបំផុតសម្រាប់ប្រព័ន្ធរដ្ឋបាល។ ជុំវិញបញ្ហានេះលោក ដូណាល់ ត្រាំ បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រ ថា ដំណើរការសងប្រាក់ពន្ធអាចនឹងមាន ប៉ុន្តែវាអាចត្រូវចំណាយពេលប្រហែល២ឆ្នាំ។ យ៉ាងណាមិញ លោក ក៏បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលថា ជាដើមហេតុដែលបង្កឱ្យមានភាពច្របូកច្របល់ថ្មីនៅក្នុងសហរដ្ឋអាម៉េរិក។
ចំណែកលោក ស្កុត បេសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកបានបង្ហាញជំហរមិនគាំទ្រចំពោះការបង្វិលប្រាក់វិញឡើយ ដោយលោកប្រៀបធៀបការសងប្រាក់ពន្ធទាំងនេះថា ជាការផ្តល់មូលនិធិសុខុមាលភាពដល់សាជីវកម្ម។ លោកបានសង្កត់ធ្ងន់ថា លោកមិនឃើញមានអត្ថប្រយោជន៍ណាមួយហូរទៅដល់ដៃអ្នកប្រើប្រាស់អាម៉េរិកផ្ទាល់នោះទេ ផ្ទុយទៅវិញ ការដោះស្រាយវិវាទនេះអាចអូសបន្លាយរាប់ខែ ឬរាប់ឆ្នាំ ហើយអ្នកដែលទទួលបានផលចំណេញពិតប្រាកដ គឺមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ