ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ ខែមីនា បានប្រកាសពីការពន្យារពេលដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបពិភាក្សាជាមួយមេដឹកនាំចិនលោក ស៊ី ជីនពីង។ ការកែប្រែគម្រោងភ្លាមៗនេះ ធ្វើឡើងក្នុងបរិបទ ដែលសង្រ្គាមអាម៉េរិកពួតដៃគ្នាជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ កំពុងធ្វើឱ្យគោលនយោបាយការបរទេសរបស់អាម៉េរិកមានការផ្លាស់ប្តូរ និងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា សេតវិមានកំពុងកំណត់កិច្ចប្រជុំកំពូលជាមួយលោក ស៊ី ឡើងវិញ។ ទោះបីពេលវេលាជាក់លាកនៃដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់តែទីក្រុងប៉េកាំងជាលើកដំបូងក្នុងអាណត្តិទី២របស់លោក ត្រាំ មិនទាន់ត្រូវបានកំណត់ក៏ដោយ តែលោក ត្រាំ បានបង្ហើបថា ដំណើរទស្សនកិច្ចនេះអាចធ្វើឡើងក្នុងរយៈពេលពី៥ទៅ៦សប្តាហ៍ខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ភាគីទាំងពីរកំពុងបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធលើកិច្ចការទស្សនកិច្ចនេះ រួមទាំងការពិភាក្សាលើកាលបរិច្ឆេទថ្មីផងដែរ ប៉ុន្តែមិនទាន់អាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានឡើយ។
ការពន្យារពេលនេះកំពុងបង្កឱ្យមានក្តីបារម្ភ និងភាពមិនច្បាស់លាស់ដល់ទីផ្សារសកល និងវិស័យការទូត ស្របពេលដែលសង្រ្គាមប្រឆាំងអ៊ីរ៉ង់ កំពុងរុញច្រានតម្លៃប្រេងឱ្យហក់ឡើងខ្ពស់ ក្រោយមានការគំរាមកំហែងដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ដែលកំពុងធ្វើឱ្យវិនិយោគិនងាកមកផ្តោតខ្លាំងលើសន្តិសុខថាមពល។
លើសពីនេះ ការអាក់ខាននៃជំនួបរវាងមេដឹកនាំមហាអំណាចកំពូលទាំងពីរនេះ ក៏អាចប៉ះពាល់ដល់ដំណើរការចរចាលើបញ្ហាសំខាន់ៗជាច្រើនរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងដូចជាបញ្ហាកោះតៃវ៉ាន់ និងជម្លោះពន្ធគយ ការប្រកួតប្រជែងផ្នែកបន្ទះឈីប ការបង្ក្រាបគ្រឿងញៀនខុសច្បាប់ ការផ្គត់ផ្គង់រ៉ែកម្រ និងវិស័យកសិកម្មជាដើម។
ពាក់ព័ន្ធការពន្យារពេលដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅទីក្រុងប៉េកាំងនេះ ក្រុមអ្នកវិភាគមើលឃើញថា លោក ត្រាំ ហាក់កំពុងផុងខ្លួនកាន់តែខ្លាំងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ដែលជាឧបសគ្គដល់របៀបវារៈការបរទេសផ្សេងទៀតរបស់លោក៕
ដោយៈ សរ សុជាតិ