នាពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា សហរដ្ឋអាម៉េរិក ជាដៃគូដ៏ល្អ និងរឹងមាំសម្រាប់អាស៊ាន និងប្តេជ្ញាជួយកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យមានលក្ខណៈសេរី បើកចំហ និងរីកចម្រើន។ មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះបានអះអាងថា អាម៉េរិកនឹងបន្តឈរ និងគាំទ្រអាស៊ាន១០០% និងចង់ក្លាយជាដៃគូ និងមិត្តដ៏រឹងមាំសម្រាប់ប្លុកនេះជាច្រើនជំនាន់ទៅមុខទៀត។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការចាប់ដៃគ្នារវាងអាម៉េរិក និងអាស៊ានមិនត្រឹមតែជួយពង្រឹងវិបុលភាពសម្រាប់អាម៉េរិក និងអាស៊ាននោះទេ តែវាសម្រាប់ប្រជាជាតិនានានៅសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក។
ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងចំពេលមានការប្រជែងអំណាចគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិននៅក្នុងតំបន់នេះ ដោយមហាអំណាចទាំងពីរកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលសកម្មភាពដ៏ម៉ឺងម៉ាត់របស់ចិននៅសមុទ្រចិនខាងត្បូង នៅតែជាក្តីបារម្ភចំពោះបញ្ហាសន្តិសុខនៅក្នុងតំបន់នេះ។
តែយ៉ាងណាសម្រាប់អាស៊ាន បញ្ហាពាណិជ្ជកម្ម គឺជាបញ្ហាបន្ទាន់បំផុតមួយក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ដែលជាគោលដៅនាំចេញដ៏ធំបំផុតរបស់ប្លុកនេះ។ ចាប់តាំងពីខែសីហា មក រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធបដិការចាប់ពី១០% ដល់៤០% ក្នុងចំណោមរដ្ឋអាស៊ាន ដែលបានជះឥទ្ធិពលដល់ទស្សនវិស័យសេដ្ឋកិច្ចរបស់តំបន់នេះ។
ទោះជាយ៉ាងណា សុន្ទរកថាបើកកិច្ចប្រជុំកំពូលរបស់ថ្នាក់មេដឹកនាំអាស៊ានមិនបាននិយាយស៊ីជម្រៅលើបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនោះទេ ផ្ទុយទៅវិញបានបង្ហាញអំពីឆន្ទៈរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិកកាន់តែស៊ីជម្រៅទៅវិញ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយក្នុងកិច្ចប្រជុំអាស៊ានថា សេដ្ឋកិច្ចដ៏រស់រវើករបស់សហរដ្ឋអាម៉េរិក និងអាស៊ីអាគ្នេយ៍មានសក្តានុពលក្នុងការបង្កើតយុគសម័យមាសសម្រាប់ប្រជាជាតិទាំងពីរ៕
ដោយ៖ សុខ មង្គល