
ការផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក បានឈានចូលដល់ថ្ងៃទី១៥ ហើយ គិតត្រឹមថ្ងៃពុធ ទី១៥ ខែតុលា នេះ ដោយការផ្ដល់សេវាសាធារណៈនានា ត្រូវបានផ្អាក សារមន្ទីរត្រូវបានបិទ និងធ្វើឱ្យជើងហោះហើរត្រូវរាំងស្ទះ។ បុគ្គលិកសហព័ន្ធរាប់ម៉ឺននាក់ត្រូវបានបញ្ឈប់ពីការងារ ឬព្យួរការងារដោយគ្មានប្រាក់ឈ្នួល ខណៈដែលរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រើប្រាស់ការបិទផ្អាកដំណើរការរដ្ឋាភិបាលនេះ ដើម្បីជំរុញការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។
ចំណុចខ្វែងគំនិតគ្នាដ៏ធំនៅក្នុងសភាអាម៉េរិក គឺពាក់ព័ន្ធការផុតសុពលភាពនៃការឧបត្ថម្ភធន Obamacare ដែលលោក បារ៉ាក់ អូបាម៉ា បានដាក់ចេញអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតី ដែលបានជួយពលរដ្ឋអាម៉េរិករាប់លាននាក់ឱ្យមានលទ្ធភាពទិញធានារ៉ាប់រងសុខភាព ហើយបក្សប្រជាធិបតេយ្យចង់បន្តសុពលភាព នៃការឧបត្ថម្ភធន Obamacare ខណៈដែលបក្សសាធារណរដ្ឋនិយាយថា បញ្ហានេះអាចទុកចោលមួយឡែកសិន។
ស្របពេលសភាអាម៉េរិក ជាប់គាំង និងគ្មានការពិភាក្សាដេញដោល ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិក ត្រូវបានព្យាករថា នឹងបន្តរយៈពេលជាច្រើនសប្តាហ៍ទៀត។ ទោះជាយ៉ាងណា មន្ត្រីយោធា និងទាហានឆ្មាំឆ្នេរសមុទ្រនឹងនៅតែទទួលបានប្រាក់ខែដដែល បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តការផ្តល់មូលនិធិគ្រាអាសន្ន ប៉ុន្តែទីភ្នាក់ងារជាច្រើនផ្សេងទៀតរួមទាំងក្រសួងអប់រំផង កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង។
ក្រុមអ្នកវិភាគព្រមានថា ប្រសិនបើការឧបត្ថម្ភធនផុតសុពលភាព ថ្លៃធានារ៉ាប់រងអាចកើនឡើងទ្វេដងនៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ។ សូមបញ្ជាក់ថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកលើកចុងក្រោយនៅឆ្នាំ២០១៩ បានអូសបន្លាយពេលរហូតដល់៣៥ថ្ងៃ។
ប្រធានសភាអាម៉េរិក លោក Mike Johnson បាននិយាយថា ពេលសហរដ្ឋអាម៉េរិក កំពុងតែឈានទៅរកការបិទផ្អាកដំណើរការរដ្ឋាភិបាលរយៈពេលវែងបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម