យោងតាមទិន្នន័យរបស់ AidData ដែលជាក្រុមស្រាវជ្រាវមួយនៅរដ្ឋ Virginia សហរដ្ឋអាម៉េរិក បានបង្ហាញថា ចិន បានផ្ដល់ប្រាក់កម្ចីរហូតដល់ទៅប្រមាណ២០០ពាន់លានដុល្លារដល់បណ្ដាក្រុមហ៊ុនអាម៉េរិក ដោយសម្ងាត់ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ ភាគច្រើននៃប្រាក់កម្ចីទាំងនោះត្រូវបានលាក់បាំង ដោយការបញ្ជូនប្រាក់តាមរយៈក្រុមហ៊ុនស្រមោលបរទេស ដូចជានៅកោះ Cayman Islands របស់អង់គ្លេស និងរដ្ឋ Delaware របស់សហរដ្ឋអាម៉េរិកជាដើម ដែលធ្វើឱ្យវាមើលទៅដូចជាការវិនិយោគឯកជនធម្មតា។
មួយចំនួនធំនៃប្រាក់កម្ចីទាំងនេះ បានជួយបណ្ដាក្រុមហ៊ុនចិន ទិញយកភាគហ៊ុននៅក្នុងក្រុមហ៊ុនអាម៉េរិក រួមទាំងអាជីវកម្មក្នុងវិស័យមនុស្សយន្ត បន្ទះឈីប ធានារ៉ាប់រង និង ជីវបច្ចេកវិទ្យា ពោលគឺគ្រប់វិស័យសំខាន់ៗសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។
ក្រុមអ្នកជំនាញបានលើកឡើងថា ចិនបានបង្កើតបណ្តាញផ្តល់ប្រាក់កម្ចីដ៏ធំ និងសម្ងាត់បំផុតមួយនៅទូទាំងពិភពលោក ដោយមិនត្រឹមតែផ្ដល់ប្រាក់កម្ចីដល់ប្រទេសក្រីក្រប៉ុណ្ណោះទេ គឺរួមទាំងប្រទេសអ្នកមានដូចជាសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអូស្ត្រាលីផងដែរ។ ប្រាក់កម្ចីរបស់ប្រទេសចិនជារឿយៗគាំទ្រគោលដៅយុទ្ធសាស្ត្រប្រកបដោយមហិច្ឆតារបស់ខ្លួន។ បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសផែនការ«ផលិតនៅប្រទេសចិនឆ្នាំ២០២៥» របស់ខ្លួន ប្រាក់កម្ចីរបស់ប្រទេសចិន ផ្តោតកាន់តែខ្លាំងលើការទិញទ្រព្យសកម្មបច្ចេកវិទ្យាជាន់ខ្ពស់នៅបរទេស។
របាយការណ៍នេះបានរកឃើញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៣ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីយ៉ាងច្រើនសម្បើមរហូតដល់ទៅជាង ២ទ្រីលានដុល្លារនៅទូទាំងពិភពលោកមានការកើនឡើងទ្វេដង បើធៀបនឹងការប៉ាន់ប្រមាណលើកមុនៗ ដោយមួយចំណែកធំនៃប្រាក់កម្ចីទាំងនេះមានគោលដៅធ្វើយ៉ាងណាឱ្យ ចិនអាចទទួលបានរ៉ែសំខាន់ៗ និងបច្ចេកវិទ្យាទំនើបៗ។
សហរដ្ឋអាម៉េរិក បានពង្រឹងការត្រួតពិនិត្យរបស់ខ្លួនលើការវិនិយោគរបស់បរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនិយាយថា ប្រទេសចិន ក៏កាន់តែមានភាពវៃឆ្លាតផងដែរ ដោយប្រើប្រាស់ធនាគារ និងក្រុមហ៊ុនស្រមោលនៅបរទេស ដើម្បីលាក់បាំងប្រភពដើមនៃប្រាក់កម្ចីទាំងនោះ។
ក្រុមអ្នកជំនាញព្រមានថា ការផ្តល់ប្រាក់កម្ចីដោយលាក់កំបាំងរបស់ប្រទេសចិន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រកាន់តែទូលំទូលាយជាងមុន ជាមួយនឹងមហិច្ឆតាគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗ និងដណ្ដើមឥទ្ធិពលសេដ្ឋកិច្ចដែលអាចធ្វើឱ្យក្រុងប៉េកាំង មានប្រៀបខ្លាំងសម្បើមនៅក្នុងជម្លោះសកលនាថ្ងៃអនាគត៕