សង្គ្រាមនៅអ៊ីរ៉ង់ ដែលបានឈានចូលដល់សប្តាហ៍ទី២ និងកំពុងរីករាលដាលពេញមជ្ឈិមបូព៌ា បង្ខំឱ្យធនាគារកណ្ដាលនានានៅអាស៊ី ពិចារណាឡើងវិញលើគោលនយោបាយរូបិយវត្ថុរបស់ខ្លួន។ សម្រាប់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សជាច្រើននៅអាស៊ី ការបញ្ចុះអត្រាការប្រាក់ គឺជាហានិភ័យ ពីព្រោះតម្លៃប្រេងឥន្ធនៈខ្ពស់ និងប្រាក់ដុល្លារអាម៉េរិកកាន់តែឡើងថ្លៃ អាចជំរុញឱ្យមូលធនហូរចេញពីទីផ្សាររបស់ពួកគេ និងធ្វើឱ្យរូបិយប័ណ្ណរបស់ពួកគេចុះថោក។
ជាក់ស្ដែង ធនាគារកណ្តាលឥណ្ឌា ត្រូវបានរំពឹងថា នឹងផ្តោតលើការគាំទ្រកំណើនសេដ្ឋកិច្ចតាមរយៈរក្សាអត្រាការប្រាក់ឱ្យនៅទាប ប៉ុន្តែធនាគារកណ្ដាលឥណ្ឌា ប្រហែលជាត្រូវធ្វើអន្តរាគមន៍នៅក្នុងទីផ្សាររូបិយប័ណ្ណ ដើម្បីជួយគាំទ្រប្រាក់រូពី ខណៈដែលវិនិយោគិនងាកទៅប្រើប្រាក់ដុល្លារអាម៉េរិក។ ប្រទេសផ្សេងៗទៀតរួមទាំងប្រទេសថៃ និងប្រទេសហ្វីលីពីនជាដើម ប្រហែលជាត្រូវផ្លាស់ប្ដូរគោនយោបាយរូបិយវត្ថុរបស់ខ្លួន ប្រសិនបើអតិផរណាកើនឡើងដោយសារតែថាមពលឡើងថ្លៃខ្ពស់។
កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ប្រេងបានឡើថ្លៃដល់ជាង១១៩ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលបង្កើនការភ័យខ្លាចថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលអូសបន្លាយអាចធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពលសកល និងជំរុញឱ្យអតិផរណាកើនឡើងខ្ពស់នៅទូទាំងពិភពលោក។
ទោះជាយ៉ាងណា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ប្រេងបានធ្លាក់ថ្លៃស្រឹបមកវិញ ដោយប្រេងឆៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះ៦,៦% មកនៅត្រឹមជាង៩២ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅនៅទីផ្សារអាម៉េរិក បានធ្លាក់ថ្លៃ៦,៥% មកនៅត្រឹមជាង៨៨ដុល្លារក្នុងមួយបារ៉ែល ក្រោយពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា សង្គ្រាមនៅមជ្ឈិមបូព៌ា អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលបានសម្រាលការព្រួយបារម្ភអំពីការរាំងស្ទះការផ្គត់ផ្គង់ប្រេងរបស់ពិភពលោករយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។
លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយថា ក្រុមអ្នកធ្វើគោលនយោបាយត្រូវតែត្រៀមខ្លួនសម្រាប់ការភ្ញាក់ផ្អើល ដែលមិននឹកស្មានដល់ ខណៈដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងសាកល្បងភាពធន់នៃសេដ្ឋកិច្ចពិភពលោក៕
ដោយ: តែម សុខុម