កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី មេលីនដា ហ្គូដ (Melinda Good) នាយិកាធនាគារពិភពលោកប្រចាំប្រទេសថៃ និងមីយ៉ាន់ម៉ា បានគូសបញ្ជាក់ថា ទោះបីជានៅឆ្នាំ២០២៦ សេដ្ឋកិច្ចថៃ ហាក់មានសភាពទ្រឹង ប៉ុន្តែគេរំពឹងថា នឹងអាចងើបឡើងវិញក្នុងរង្វង់២,២% នៅឆ្នាំ២០២៧ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចសកលមានភាពល្អប្រសើរ ហើយគម្រោងវិនិយោគផ្ទាល់ពីបរទេសចាប់ផ្តើមហុចឱ្យផល។ បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក វិស័យផលិតកម្មនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រសេដ្ឋកិច្ចថៃ ដោយមានរហូតដល់២៥% នៃ GDP និង១៦% នៃវិស័យការងារ ឬប្រមាណ៦,២លានការងារ។
ធនាគារពិភពលោក បានអះអាងថា ថៃ កំពុងប្រឈមនឹងបញ្ហាក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយសារតែការប្រកួតប្រជែងសកលកំពុងមានការកើនឡើងខ្លាំង។ ការវិភាគចុងក្រោយក្នុងរបាយការណ៍ Thailand Economic Monitor បានបង្ហាញឱ្យឃើញថា ផលិតកម្មបៃតងកម្រិតខ្ពស់ គឺជាមាគ៌ាដ៏មានសក្ដានុពលមួយក្នុងការជួយស្តារភាពខ្លាំង នៃសេដ្ឋកិច្ចថៃ។
អ្នកជំនាញសេដ្ឋកិច្ចថៃ វាយតម្លៃថា ការដែលធនាគារពិភពលោកទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចមកនៅត្រឹម១,៦% ក្នុងឆ្នាំ២០២៦ គឺដោយសារការវិនិយោគរបស់ថៃ មិនមានប្រសិទ្ធភាព។ អ្នកជំនាញបានសង្កត់ធ្ងន់ថា ទុនវិនិយោគរបស់ថៃ មានកម្រិតស្មើនឹងបណ្ដាប្រទេសអភិវឌ្ឍន៍ តែការវិនិយោគភាគច្រើនជាការវិនិយោគ ដើម្បីថែរក្សា និងកែលម្អខ្លាំងជាងការវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យលទ្ធផលទទួលបានពីការវិនិយោគក្នុងវិស័យផលិតកម្មស្ទើរតែ០%។ ហេតុផលមួយទៀត គឺដោយសារបំណុលគ្រួសាររបស់ពលរដ្ឋថៃ ស្ថិតក្នុងកម្រិតខ្ពស់ ដែលមានរហូតដល់ជាង៨៧% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលធ្វើឱ្យគ្រួសារមានបន្ទុកត្រូវសងបំណុលស្ទើរតែមិនសល់ប្រាក់សម្រាប់ចាយ និងសន្សំ ដែលកត្តានេះធ្វើឱ្យការចំណាយក្នុងស្រុកចុះខ្សោយ។
យ៉ាងណាមិញ ធនាគារពិភពលោក បានផ្តល់អនុសាសន៍តាមរយៈរបាយការណ៍ Thailand Economic Monitor ថា មាគ៌ាតែមួយគត់ ដើម្បីជំរុញសេដ្ឋកិច្ចថៃ ឱ្យមានចីរភាព គឺការងាកទៅរកបច្ចេកវិទ្យាបៃតង និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធផលិតកម្មឱ្យស្របតាមតម្រូវការទីផ្សារថ្មី៕
អត្ថបទៈ សួន ឡង់ទី