ការសងសឹករបស់អ៊ីរ៉ង់ លើអាម៉េរិក

ពិភពលោកកំពុងរង់ចាំមើលការសងសឹករបស់អ៊ីរ៉ង់ លើអាម៉េរិក ខណៈអាម៉េរិក ព្រមានផ្លាស់ប្ដូររបបដឹកនាំរបស់អ៊ីរ៉ង់


ពេលនេះពិភពលោកកំពុងត្រៀមខ្លួន និងរង់ចាំមើលការសងសឹករបស់អ៊ីរ៉ង់លើអាម៉េរិក ដែលបានវាយប្រហារទីតាំងនុយក្លេអ៊ែរបស់ខ្លួនសំខាន់ៗចំនួន៣ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនដោយមានការចូលរួមពីអ៊ីស្រាអែល ដែលជាសកម្មភាពយោធានៅបស្ចិមលោកដ៏ធំបំផុតប្រឆាំងនឹងអ៊ីរ៉ង់ តាំងពីបដិវត្តន៍នៅអ៊ីរ៉ង់ ឆ្នាំ១៩៧៩។ ជាមួយគ្នានេះលោក ត្រាំ បានព្រមានថា អាចនឹងមានការផ្លាស់ប្ដូររបបដឹកនាំរបស់អ៊ីរ៉ង់។ នេះបើតាមចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការសងសឹករបស់អ៊ីរ៉ង់ លើអាម៉េរិក
ដោយ

មេដឹកនាំអ៊ីរ៉ង់ បានប្តេជ្ញាប្រើគ្រប់ជម្រើសដើម្បីការពារខ្លួន នៅមួយថ្ងៃក្រោយកងកម្លាំងសហរដ្ឋអាម៉េរិក បានទម្លាក់គ្រាប់បែកទម្លុះដីជាច្រើនគ្រាប់លើខ្នងភ្នំមួយ ដែលជាទីតាំងនុយក្លេ អ៊ែហ្វ័រដូ របស់អ៊ីរ៉ង់ ខណៈមេដឹកនាំអាម៉េរិក ជំរុញឱ្យទីក្រុងតេហេរ៉ង់ ចុះចាញ់អ៊ីស្រាអែលដោយគ្មានលក្ខខណ្ឌ។ ថ្លែងនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី (Abbas Araqchi) បានអះអាងថា អ៊ីរ៉ង់នឹងពិចារណារាល់ការឆ្លើយតបដែលអាចធ្វើទៅបាន ហើយថា អ៊ីរ៉ង់នឹងមិនវិលទៅរកការចរចាការទូតជាដាច់ខាតរហូតទាល់តែអ៊ីរ៉ង់ធសងសឹករួច។ លោក អារ៉ាក់ឈី បានចាត់ទុកទង្វើរបស់អាម៉េរិក បានរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ពោលគឺពួកគេចេះត្រឹមតែប្រើភាសាគំរាមកំហែង និងប្រើកម្លាំងបាយតែប៉ុណ្ណោះ។

ទោះយ៉ាងណារហូតមកដល់ពេលនេះ ទីក្រុងតេហេរ៉ង់ មិនទាន់បានអនុវត្តតាមការគំរាមកំហែងរបស់ខ្លួនក្នុងការសងសឹកសហរដ្ឋអាម៉េរិកវិញនៅឡើយទេ ទាំងដោយការកំណត់លើគោលដៅមូលដ្ឋានទ័ពអាម៉េរិក និងការព្យាយាមរារាំងការផ្គត់ផ្គង់ប្រេងពិភពលោក។

ក្រោយពីការវាយប្រហារនេះហើយ សហរដ្ឋអាម៉េរិក បានព្រមានអ៊ីរ៉ង់ថា ទីក្រុងតេហេរ៉ង់នឹងរងការវាយប្រហារដ៏សាហាវថែមទៀត ប្រសិនបើសាធារណរដ្ឋអ៊ីស្លាមមួយនេះហ៊ានវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាម៉េរិក នៅក្នុងតំបន់ និងបានព្រមានផ្លាស់ប្ដូររបបដឹកនាំអ៊ីរ៉ង់បច្ចុប្បន្នផងដែរ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាពីការវាយប្រហាររបស់អាម៉េរិក លើអ៊ីរ៉ង់ ខណៈរុស្ស៊ី ចិន និងប៉ាគីស្ថាន បានស្នើឱ្យក្រុមប្រឹក្សាដែលមានសមាជិក១៥រូបនេះបោះឆ្នោតអនុម័តដំណោះស្រាយមួយ ដែលទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌនៅមជ្ឈិមបូព៌ា។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ការទម្លាក់គ្រាប់បែករបស់អាម៉េរិក ជាការផ្លាស់ប្តូរដ៏គ្រោះថ្នាក់មួយនៅក្នុងតំបន់ ហើយបានជំរុញឱ្យបញ្ឈប់ការប្រយុទ្ធ និងត្រឡប់ទៅការចរចាលើកម្មវិធីនុយក្លេអ៊ែ​​របស់អ៊ីរ៉ង់វិញ។

ជាមួយគ្នានេះប្រទេសចិន បានលើកឡើងថា ការវាយប្រហាររបស់អាម៉េរិក លើអ៊ីរ៉ង់នេះ បានធ្វើឱ្យខូចទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន ហើយទីក្រុងប៉េកាំង មានការព្រួយបារម្ភថា ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាអាចនឹងរីករាលដាលកាន់តែខ្លាំងឡើងរហូតមិនអាចគ្រប់គ្រងបាន៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា តម្លៃប្រេងនឹងហក់ដល់១៣០ដុល្លារក្នុង១បារ៉ែល បើអ៊ីរ៉ង់បិទច្រកសមុទ្រហ័រម៉ូស

ក្រោយការប្រកាសពីភាពជោគជ័យរបស់កងកម្លាំងអាម៉េរិកលើការវាយប្រហារលើមូលដ្ឋានផលិតសារធាតុនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣កន្លែងកាលពីពេលថ្មីៗ បាន…

គណបក្សភឿថៃ បន្តទទួលបានការគាំទ្រពីដៃគូចម្រុះ និងបានសន្យាបែងចែកតំណែងតួនាទីដែលនៅទំនេរ

ក្រោយគណបក្សភូមិចៃថៃ ដែលជាគណបក្សធំលំដាប់ទីពីរបានចាកចេញពីរដ្ឋាភិបាលចម្រុះ ហើយប្រកាសតាំងខ្លួនធ្វើជាបក្សប្រឆាំង ក្រុមគណបក្សចម្រុះផ្សេងទៀតនៅបន្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ