
កប្បាស គឺជារុក្ខជាតិម្យ៉ាងដែលប្រជាពលរដ្ឋទូទៅច្រើននិយមយកផ្លែរបស់វាដែលមានសណ្ឋានជាសំឡីមកបោកច្នៃផលិតចេញជាអំបោះសម្រាប់ត្បាញជាសំពត់ សម្លៀកបំពាក់ និងក្រណាត់ផ្សេងៗយ៉ាងសម្បូរបែបដែលមានតម្លៃថ្លៃ ព្រោះវាជារបស់ធម្មជាតិ ដែលបច្ចុប្បន្នកាន់តែខ្សត់ទៅៗ ខណៈដែលចំនួនមនុស្សនៅលើភពផែនដីកើនឡើងខ្លាំងឥតឈប់ឈរ។ តើប្រទេសណាដែលជាអ្នកផលិតកប្បាសច្រើនជាងគេក្នុងពិភពលោក?
បច្ចុប្បន្នមហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងពិភពលោកជាមួយប្រជាជនសរុបជាង១,៤ពាន់លាននាក់ គឺជាអ្នកផលិតកប្បាសច្រើនជាងគេបំផុតក្នុងពិភពលោក។ ទោះជាយ៉ាងណា យោងតាមរបាយកាណ៍ទស្សនវិស័យកសិកម្ម ឆ្នាំ២០២៥-២០៣៤ ដែលចេញរួមគ្នាដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងអង្គការស្បៀងអាហារ និងកសិកម្ម ដែលស្ថិតក្រោមចំណុះរបស់អង្គការសប្រជាជាតិ បានបង្ហាញថា ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងពិភពលោក ពោលគឺច្រើនជាងប្រជាជនចិន ទៅទៀតនោះ ត្រូវបានព្យាយករថា នឹងជែងឈ្នះមហាយក្សចិន ក្លាយជាប្រទេសផលិតកប្បាសធំជាងគេរបស់ពិភពលោកនៅត្រឹមឆ្នាំ២០៣៤។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ទិន្នផលកប្បាសរបស់ឥណ្ឌា ត្រូវបានព្យាករថានឹងកើនឡើងប្រមាណ២% ក្នុង១ឆ្នាំ ដែលភាគច្រើនដោយសារផលិតបានផលច្រើនជាងមុន ជាជាងការពង្រីកផ្ទៃដីដាំដុះ។
ទន្ទឹមនេះ ការផលិតកប្បាសនៅទូទាំងពិភពលោកក៏ត្រូវបានព្យាករថានឹងកើនឡើង១,៣% ក្នុងមួយឆ្នាំ ហើយទិន្នផលកប្បាសអាចនឹងឈានដល់២៩,៥លានតោន នៅឆ្នាំ២០៣៤។ យោងតាមគណៈកម្មាធិការប្រឹក្សាកប្បាសអន្តរជាតិ (International Cotton Advisory Committee) បានព្យាករថា ទិន្នផលកប្បាសអំឡុងរដូវកាលបច្ចុប្បន្ន២០២៤-២០២៥ អាចនឹងឈានដល់២៥,៦៧លានតោន។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌា ត្រូវបានព្យាករថា នឹងមានចំណែកគ្របដណ្ដប់ដល់ទៅ៣០%នៃកំណើនទិន្នផលទូទាំងពិភពលោកនៅត្រឹមឆ្នាំ២០៣៤ បន្ទាប់មកគឺប្រទេសប្រេស៊ីល ២៧% ហើយសហរដ្ឋអាម៉េរិក ២៣%៕
ដោយ: តែម សុខុម