ទីភ្នាក់ងារថាមពលអន្តរជាតិ IEA មូលនិធិរូបិយវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោកនឹងធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់សេដ្ឋកិច្ច និងថាមពល ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយស្ថាប័នពិភពលោកកំពូលទាំង៣នេះបានចេញសេចក្តីថ្លែងការណ៍រួមថា សង្គ្រាមនេះបានបង្កឱ្យមានការរាំងស្ទះយ៉ាងធ្ងន់ធ្ងរ និងបង្កការខ្វះខាតការផ្គត់ផ្គង់ថាមពលដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។ ស្ថាប័នពិភពលោកកំពូលទាំង៣នេះនឹងបង្កើតក្រុមសម្របសម្រួលមួយ ដើម្បីតាមដានផលប៉ះពាល់សកល, ចែករំលែកការវិភាគ និងគាំទ្ររដ្ឋាភិបាលនានា ដែលកំពុងដោះស្រាយវិបត្តិជាដើម ហើយវិធានការ ដែលអាចដាក់ចេញរួមមានការផ្ដល់អនុសាសន៍គោលនយោបាយ, ការគាំទ្រផ្នែកហិរញ្ញវត្ថុ រួមទាំងប្រាក់កម្ចីដែលមានការប្រាក់ទាប ឬគ្មានការប្រាក់ និងការផ្ដល់ឧបករណ៍ ដើម្បីកាត់បន្ថយហានិភ័យសេដ្ឋកិច្ច។
សង្គ្រាមដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់នេះ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ដោយធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពល និងជះផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
ទីភ្នាក់ងារថាមពលអន្តរជាតិ មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកបានព្រមានថា ប្រទេសដែលមានចំណូលទាបខ្លាំងបំផុតនឹងរងគ្រោះធ្ងន់ធ្ងរបំផុតពីសង្គ្រាមនេះ ហើយថា ប្រេង ឧស្ម័ន ជីកសិកម្ម និងស្បៀងអាហារនឹងបន្តឡើងថ្លៃ ខ្សែច្រវាក់ផ្គត់ផ្គង់សំខាន់ៗត្រូវបានរំខាន វិស័យទេសចរណ៍ដាំក្បាលចុះ ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងហានិភ័យអតិផរណានៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍៕
ដោយ: តែម សុខុម