វិស័យពាណិជ្ជកម្ម

ប្រសិនបើអាម៉េរិក មានវិវាទពាណិជ្ជកម្មជាមួយអឺរ៉ុប តើវាអាចជះឥទ្ធិពលដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារទាំងពីរយ៉ាងណាដែរ?


​​ភាពតានតឹងនៃជម្លោះពាណិជ្ជកម្មកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប នៅមួយរយៈពេលចុងក្រោយនេះ បានក្លាយជាប្រធានបទ និងបង្កជាក្តីបារម្ភសម្រាប់សេដ្ឋកិច្ចពិភពលោក បើទោះបីជាលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗបានប្រកាសផ្អាកផែនការយកពន្ធគយ១០០% លើទំនិញអឺរ៉ុប បន្ទាប់ពីសម្រេចបានក្របខ័ណ្ឌកិច្ចព្រមព្រៀងអនាគតកោះហ្គ្រីនលែនក៏ដោយ។ ប្រសិនបើការប្រឈមមុខដាក់គ្នាផ្នែកពាណិជ្ជកម្មរវាងភាគីទាំងពីរឈានដល់ចំណុចកាន់តែអាក្រក់ តើវាអាចជះឥទ្ធិពលយ៉ាងណាដល់ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារដ៏ធំទាំងពីរនេះ?
វិស័យពាណិជ្ជកម្ម
ដោយ

លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ប្រសិនបើសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប មានវិវាទពាណិជ្ជកម្មជាមួយគ្នាមែន ចង់ ឬមិនចង់វានឹងជះឥទ្ធិពលដល់សេដ្ឋកិច្ចពិភពលោកទាំងមូល រួមទាំងប្រទេសតូចដូចកម្ពុជា ដែរ ដ្បិតបញ្ហានេះ អាចធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះមានកំណើនយឺត ហើយរាំងស្ទះដល់ការនាំចូលទំនិញរបស់ខ្លួន។ ទោះជាយ៉ាងណានៅក្នុងបញ្ហានេះ អ្នកជំនាញរូបនេះ ក៏មើលឃើញពីឱកាសសម្រាប់កម្ពុជា ដែរ ដ្បិតកាលណាមានការដំឡើងពន្ធខ្ពស់នៅប្រទេសធំៗ នោះបណ្តាក្រុមហ៊ុនអន្តរជាតិនឹងផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសដែលមានគោលនយោបាយសេដ្ឋកិច្ចច្បាស់លាស់ដូចជា កម្ពុជា ដើម្បីផលិត និងនាំចេញទៅទីផ្សារសកលវិញ។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ប្រសិនបើបញ្ហាទំនាស់ពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ឈានទៅរកចំណុចកាន់តែអាក្រក់ នោះប្រាកដណាស់វាអាចជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ការវាយតម្លៃបែបនេះ ក៏ដោយសារកាលណាមានសម្ពាធសេដ្ឋកិច្ចពាណិជ្ជកម្ម ប្រជាជនក្នុងប្រទេសទាំងនោះអាចប្រឈមនឹងធ្លាក់ចុះប្រាក់ចំណូល ដែលជំរុញឱ្យការបញ្ជាទិញទំនិញពីកម្ពុជា ធ្លាក់ចុះ។

ស្រដៀងគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា យល់ឃើញថា មហិច្ឆតារបស់សហរដ្ឋអាម៉េរិក តែងតែមានការប្រែប្រួលមិនទៀងទាត់ ដែលធ្វើឱ្យពិភពលោកពិបាកប៉ាន់ស្មាន ហើយប្រសិនបើសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបដំឡើងពន្ធគយដាក់គ្នាមែន នោះតិចក្តីច្រើនក្តី វានឹងជះផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់បណ្តាប្រទេសផ្សេងៗរួមទាំងកម្ពុជា ផងដែរ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប បានបង្ហាញភាពចម្រូងចម្រាសដាក់គ្នាលើការគំរាមដំឡើងពន្ធនាំចូលទំនិញទៅកាន់ប្រទេសរៀងខ្លួនក្នុងកម្រិតខ្ពស់ ប៉ុន្តែបន្ទាប់ពីសម្រេចបានក្របខ័ណ្ឌកិច្ចព្រមព្រៀងអនាគតកោះហ្គ្រីនលែន រវាងសហរដ្ឋអាម៉េរិក និងអង្គការណាតូនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូស លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកផែនការដំឡើងពន្ធគយ១០០% លើសហភាពអឺរ៉ុបវិញ។

បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅពេញមួយឆ្នាំ២០២៥ កន្លងទៅ កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារអាម៉េរិក មានទំហំជាង១២ពាន់លានដុល្លារ កើនឡើងជាង២៨% ខណៈនាំចេញទៅកាន់ទីផ្សារអឺរ៉ុប មានទំហំជាង៥ពាន់លានដុល្លារកើនឡើងជាង១៣%៕




អត្ថបទបន្ទាប់


តើកម្ពុជា គួរ ឬមិនគួរចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមដោយលោក ដូណាល់ ត្រាំ?

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជាផ្លូវការជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីអញ្ជើញកម្ពុជា…

អ្នកជំនាញរំពឹងច្បាប់ផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសដែលទើបដាក់ចេញថ្មីៗ នឹងក្លាយជាមេដែកក្នុងការស្រូបទាញមូលធន និងការវិនិយោគ

ជនបរទេសដែលបានចុះបញ្ជីវិនិយោគត្រឹមត្រូវតាមច្បាប់ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនឹងមានសិទ្ធិស្នើសុំចូលសញ្ជាតិខ្មែរតាមរយៈសញ្ជាតូប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ